ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
នឹកស្មានមិនដល់ថា ពេលថតរឿង «ថ្នាក់ ១២ង» កញ្ញា ប៉ូគឹមថេង សុតធីតា ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះ ត្រូវរងពិតៗដោយសារខុសបច្ចេកទេសតិចតួច។ភាពយន្តរន្ធត់ព្រឺព្រួច «ថ្នាក់ ១២ង» បានកំពុងចាក់បញ្ចាំងតាមបណ្តារោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី៤ ខែឧសភា កន្លងមក។ រឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកនិយមទស្សនារឿងតាមរោងភាពយន្ត ដោយសំបុត្រត្រូវលក់ដាច់ស្ទើរគ្មានសល់គ្រប់ម៉ោងបញ្ចាំង។
រឿង «ថ្នាក់ ១២ង» ឬ 12E ចូលរួមសម្តែងដោយតារាប្រុសស្រីចាស់ក្មេងល្បីៗជាច្រើនរូប រួមទាំង Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា ផងដែរ។ ក្នុងនោះ នាងសម្តែងជាតួអង្គអ្នកគ្រូ ឈ្មោះ រ៉ាវី ជាគ្រូស្មគ្រចិត្តចុះមកធ្វើការនៅអង្គការមួយ ដែលអង្គការនោះជាបណ្តុះនៃបញ្ហាគ្រប់យ៉ាង បង្កើតចេញជាសាច់រឿងដ៏ប្រទាក់ក្រឡា ផ្តើមចេញពីការចង់ដឹងចង់ឮការពិតនៃការស្លាប់ដ៏អាថ៌កំបាំងរបស់កូនសិស្សនៅក្នុងសាលាអង្គការនេះ។
ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 ឱ្យដឹងថា នាងសប្បាយចិត្តណាស់ដែលបានចូលរួមសម្តែងក្នុងរឿងខ្នាតធំ «ថ្នាក់ ១២ង» ទោះបីពេលសម្តែងត្រូវជួបផលលំបាកច្រើន និងត្រូវរងរបួសពិតៗក៏ដោយ។ ធីតា រំលឹកឡើងថា មានប្លង់មួយក្នុងរឿងនេះដែលនាងត្រូវបោកនឹងជញ្ចាំង តែដោយសារខុសបច្ចេកទេសបន្តិចធ្វើឱ្យរបួសលើខ្នង។
ដោយឡែក សម្រាប់ការថតជាភាសាអង់គ្លេសមិនមែនជាបញ្ហាសម្រាប់នាងឡើង ព្រោះនាងចេះនិយាយភាសាអង់គ្លេសស្រាប់ ហើយក៏ធ្លាប់ថតរឿងនិយាយជាភាសាភូមារួចមកហើយ ដូច្នេះនាងចាប់ទុកថានេះជាបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង។
បវរកញ្ញារាងខ្ពស់ស្រឡះនេះ រំពឹងថាទស្សនិកជននឹងគាំទ្ររឿង «ថ្នាក់ ១២ង» ច្រើន ព្រោះរឿងនេះមិនមែនជារឿងខ្មោចកំប្លែងតែជារឿងខ្មោចរន្ធត់ព្រឺព្រួចតែម្តង ដែលនឹងធ្វើឱ្យអ្នកទស្សនាបះរោមពេលបានទស្សនារឿងនេះ។
ក្រៅពីរឿង «ថ្នាក់ ១២ង» ប៉ូគឹមថេង សុតធីតា ក៏ទទួលថតរឿងភាគបុរាណខ្នាតធំមួយឱ្យទូរទស្សន៍ក្នុងស្រុក និងមានការងារសិល្បៈជាច្រើនទៀតដូចជា ពិធីការនី ថតប្រម៉ូតផ្សព្វផ្សាយផលិតផល និងការងារជាច្រើនទៀត ជាហេតុនាងមិនហ៊ានទទួលថតរឿងច្រើននោះឡើយ៕
អត្ថបទ៖ រ៉ា់ត់ ចាន់ធីតា រូបភាព៖ ឃាង ទូច