ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ភាពយន្តបែបភ័យរន្ធត់បង្ហាញពីជំនឿ និងមន្តអាគមផ្លូវងងឹត «ខ្មោចអ្នកតាកាច់» បានមកដល់ទីផ្សារកម្ពុជាហើយ។ អ្នកចូលរួមទស្សនាក្នុងថ្ងៃបើកសម្ភោធបាននាំគ្នាស្រែកផ្អើលពេញសាលបញ្ចាំង ព្រោះតែភាពរន្ធត់ព្រឺព្រួចរបស់រឿងនេះ។អ្នកនិយមចូលចិត្តវិស័យភាពយន្ត ពិតជារំភើប និងសប្បាយរីករាយជាពន់ពេក ពេលដឹងដំណឹងថា រឿង «ខ្មោចអ្នកតាកាច់» ដែលជាស្នាដៃថ្មីពីអ្នកដឹកនាំរឿង «លោកបងណាក់» គឺលោក ផុនថារីត ឆូទិគ្រីតសាដាសុផុន បានមកដល់ទីផ្សារកម្ពុជាហើយ។
អ្នកចូលរួមទស្សនាភាពយន្តរន្ធត់ព្រឺព្រួចនេះ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នាំគ្នាស្រែកពេញសាលចាក់បញ្ចាំង ព្រោះតែភាពរន្ធត់ព្រឺព្រួច បង្ហាញពីអបិយជំនឿ និងមន្តអាគមផ្លូវងងឹតរបស់អ្នកភូមិដាច់ស្រយាលមួយ នៅលើកោះ ដុនស៊ីងថាម។យុវជន ៣រូប ដែលនិយមចូលចិត្តទស្សនាភាពយន្តតាមរោងភាពយន្ត បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលចូលទស្សនារឿងនេះមុនចាក់បញ្ចាំងជាផ្លូវ ដោយជឿជាក់ថារឿងនេះពិតជាល្អមើលមិនចាញ់រឿងមុនៗនោះឡើយ។
ភាពយន្តដ៏រន្ធត់ព្រឺព្រួច «ខ្មោចអ្នកតាកាច់» តំណាលពី ប្រជាជនដែលរស់នៅភូមិដាច់ស្រយាលមួយ នៅលើកោះ ដុនស៊ីងថាម មានជំនឿខ្លាំងទៅលើភាពសាកសិទ្ធិនៃរូបសំណាក ។ នៅពេល ដែលមានអ្នកស្លាប់ ពួកគេធ្វើពិធីដ៏ចម្លែកនឹងគួរឲ្យខ្លាចមួយ ដោយយកកំទេចផេះ ឬឆ្អឹងរបស់សាកសពដែលបូជានោះ ទៅរក្សាទុកនៅក្នុងរូបសូន ដើម្បីទុកធ្វើការគោរពដោយអ្នកស្រុកទាំងឡាយរួមទាំងព្រះសង្ឃផងដែរ។
រូបសំណាក មានច្រើនបែប ច្រើនប្រភេទ ច្រើនសណ្ឋាន ដែលវាជាគ្រឿង ស័ក្តសិទ្ធមួយប្រភេទដែលមានតាំងពីសម័យព្រះពុទ្ធ ជាវត្ថុដ៏ពិសិដ្ឋ ក៏ដូចជាវត្ថុដ៏គួរឱ្យភ័យខ្លាច រូបសូន្យនេះត្រូវបានចារមន្តគាថាមន្តអាគមងងឹត ខ្លះត្រូវប្រើប្រាស់ដើម្បីការពារ ខ្លះប្រើដើម្បី ខ្លះទៀតត្រូវប្រើដើម្បីបំផ្លាញ។ថាម សម្តែងដោយកម្លោះសង្ហា ភូវីន តាំងសាក់យឺន បានមកតាមរកបងប្រុសរបស់ខ្លួនឈ្មោះ ធី ដើម្បីផ្ដល់ដំណឹងនៃការស្លាប់របស់ឪពុកម្ដាយរបស់ពួកគេ។ ធី បានបួសជា លោកសង្ឃគង់ចាំនៅវត្តមួយនៅលើកោះ ដុនស៊ីងថាម ។ ពេលមកដល់ Tham ជួបនឹង ជេត ដែលជាចៅប្រុសរបស់អតីតអាចារ្យវត្ត។
ជេត សម្តែងដោយ នីក យុនណាធីប មានមន្តវិជ្ជាចេះសូន្យរូបសំណាកដើម្បីជាការនឹករលឹកទៅដល់អ្នកដែលបានចែកឋានទៅ ។ ថាម បានដឹងពាក្យចចាមអារ៉ាម ទាក់ទងនឹងការបាត់ខ្លួនរបស់ ធី ដោយសារគេបានធ្វើឃាតអាចារ្យវត្ត។ ប៉ុន្ដែ ថាម មិនជឿថាវាជាការពិតទេ ព្រោះគាត់មិនជឿលើសាសនាចម្លែក ដែលអ្នកភូមិគោរពរូបសំណាកនោះឡើយ។
រហូតដល់មានរឿងអកុសលកើតឡើងក្នុងភូមិ ពេលនារីវ័យក្មេងម្នាក់បានបាត់ខ្លួន មានមនុស្សស្លាប់ ហើយអាក្រក់បំផុតនោះគឺ រូបសំណាកដែលអ្នកភូមិគោរពត្រូវបំផ្លាញចោល។ អ្នកភូមិខឹងសម្បារយ៉ាងខ្លាំង នឹងបាននាំគ្នាដាក់បណ្តាសា និងតាមចាប់ជនដែលបង្កឱ្យមានហេតុភេទនៅក្នុងភូមិ។ ហ៊ានប្រមាថនឹងជំនឿអរូបី ប្រជែងចង់ឈ្នះនឹងការគោរបូជា ត្រូវតែហ៊ានប្រឈមមុខនឹងអ្វីដែលមើលមិនឃើញ! ភាពយន្តរន្ធត់ព្រឺព្រួច រឿង «ខ្មោចអ្នកតាកាច់» ចាប់ចាក់បញ្ចាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច