ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
រយៈពេលជិត ៣ខែដើមឆ្នាំ ថៃ ទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៥លាន ៥សែននាក់ ដោយវិស័យទេសចរណ៍ដ៏សំខាន់ និងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្តជួយដល់សេដ្ឋកិច្ច ខណៈដែលការនាំចេញកំពុងធ្លាក់ចុះ ដោយសារតម្រូវការពិភពលោកធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានអន្តរជាតិ Bangkok Post។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ចេញទស្សនៈថា សេដ្ឋកិច្ច ត្រូវបានគេរំពឹងនឹងកើនឡើងពី ៣ ទៅ ៤% នៅឆ្នាំនេះ ដោយគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធត្រូវតែធ្វើការរួមគ្នា ដើម្បីធានាបាននូវកំណើន និងស្ថិរភាព។
លោកបន្តថា ចំនួននៃការមកដល់នៃភ្ញៀវទេសចរបរទេស អាចឈានដល់ ២៧លាននាក់នៅឆ្នាំនេះ កើនឡើងពី ១១លាននាក់ក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើងច្រើនជាងទ្វេដង។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដោយសារអតិផរណា កំពុងបន្ធូរបន្ថយនៅក្នុងស្រុក មិនចាំបាច់មានគោលនយោបាយរូបិយវត្ថុ និងការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសថៃ ដើម្បីដើរតាមសហរដ្ឋអាមេរិកនោះទេ។
បើយោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា អតិផរណាតម្លៃទំនិញប្រើប្រាស់ក្នុងខែកុម្ភៈ បានធ្លាក់ចុះមកត្រឹម ៣,៨% ធៀបនឹង ៥% កាលពីខែមករា។
ធនាគារកណ្តាលថៃ ត្រូវបានគេរំពឹងថានឹងដំឡើងអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនតិចតួចដល់ ១,៧៥% នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួននៅចុងខែមីនានេះ។
ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ក៏បានបញ្ជាក់ជាថ្មីថា មិនមានផលប៉ះពាល់ដល់ប្រទេសថៃពីបញ្ហាក្នុងវិស័យធនាគារពិភពលោកនោះទេ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ