ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

កំណើនតម្រូវការទំហំកម្ចីលើគេហដ្ឋាន និងខុនដូ បានបន្តងើបឡើងវិញ

១៧ មីនា ២០២៣ | សេដ្ឋកិច្ច

 

កំណើនតម្រូវការទំហំកម្ចីលើគេហដ្ឋាន និងខុនដូ បានងើបឡើងវិញជាបន្តបន្ទាប់ ក្រោយអ្នកជំនាញក្នុងឧស្សាហកម្មនេះ បានមើលឃើញថា តម្រូវការទិញលក់ អចលនទ្រព្យក្នុងទីផ្សារកម្ពុជា បានបង្ហាញពីសញ្ញាណវិជ្ជមាន។

 

លោក ឈី ពុធតុលា នាយកនាយកដ្ឋានឥណទានបុគ្គលនៃធនាគារ Phillip Bank បានឲ្យPNN ដឹងថា តម្រូវការទំហំឥណទានក្នុងសម្រាប់លំនៅឋាន និងខុន បានងើបឡើងវិញគួរអោយគត់សំគាល់ ក្រោយវិបត្តិកូវីដ១៩ និងការត្រលប់មកវិញនៃអ្នកវិនិយោគបរទេសមកក្នុងទីផ្សារកម្ពុជា ជាពិសេស គឺវិនិយោគិន ដែលត្រូវនិងកំពុងសម្លឹងមើលពីការវិនិយោគជាបន្តបន្ទាប់ក្នុងទីផ្សារកម្ពុជា។

 


លោកបន្តថា ការកើនឡើងនៃទំហំកម្ចីក្នុងឧស្សាហ៍នេះ ជារួមលោកមើលឃើញថា វាបានផ្តល់នូវសញ្ញាវិជ្ជកម្មដល់ការកម្រើកឡើងវិញនៃវិស័យអចលនទ្រព្យនៅកម្ពុជា ដោយក្នុងបានចូលរួមចំណែកក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដែលធ្វើអោយចរន្តសាច់ប្រាក់នៃការទិញលក់ មានដំណើរការឡើងវិញ។ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ដៃគូយុទ្ធសាស្រ្តរវាង ធនាគារ ហ្វីលីព ភីអិលស៊ី និង Borey Dragon Land 598 កាលពីពេលកន្លងទៅ លោក Jacky Tang នាយកប្រតិបត្តិបុរី Dragon land បានលើកឡើងថា តម្រូវការទិញលក់ និងជួលខុនដូ និងបុរីជាដើម នឹងមានភាពល្អប្រសើរឡើងវិញច្រើនក្នុងឆ្នាំនេះ ។

 


បើក្រឡែកមើលស្ថានភាពអចលទ្រព្យជារួមវិញ លោករំពឹងថា “នៅឆ្នាំក្រោយនេះ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នឹងមានកំណើនល្អប្រសើរឡើងវិញ ហើយក៏ជាពេលវេលាដែលអ្នកអភិវឌ្ឍន៍លំនៅឋាន ត្រូវចាប់ផ្ដើមអភិវឌ្ឍន៍ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារផងដែរ ។ ដោយការកើនឡើងនៃតម្រូវការទាំងនេះ បានផ្សារភ្ជាប់ទៅនឹងតម្រូវការនៃការប្រើប្រាស់ឥណទានគេហដ្ឋាន និងខុនដូរកើនឡើងផងដែរ។

 


បើយោងតាមរបាយការណ៍ពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) បានបង្ហាញថា ការប្រកាសបើកប្រទេសរបស់ចិន គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជា ដោយសារមុនពេលរីករាលដាលនៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូតដល់៤០% ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។ កត្តាវិជ្ជមាននេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលនឹងធ្វើឱ្យវិស័យនេះ មានភាពរីកចម្រើននៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយ សម្រាប់វិស័យអចលនទ្រព្យ។

 


ដោយឡែកបើផ្អែកតាមរបាយការណ៍ត្រីមាសទី២ របស់ការិយាល័យឥណទានកម្ពុជា ឬហៅកាត់ថា CBC បានបង្ហាញថា កម្ចីក្នុងវិស័យអចលនទ្រព្យដែលភាគច្រើនផ្តោតលើការទិញផ្ទះ បានកើនដល់ប្រមាណ៧ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២២ ហើយការបន្តផ្ដល់ឥណទានក្នុងវិស័យនេះ នឹងផ្ដល់ឱកាសដល់អ្នកអភិវឌ្ឍន៍បន្តនិរន្តរភាពរបស់ខ្លួនបន្ថែម៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ អ៊ិន អាត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024