ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥

«លង់ស្នេហ៍ពូ» ភាពយន្តកំប្លែងបង្កប់អត្ថន័យអប់រំចាក់បញ្ចាំងដើមខែ មីនានេះ!

២៨ កុម្ភៈ ២០២៣ | កម្សាន្ដ

 

«លង់ស្នេហ៍ពូ» វណ្ណកម្មស្នាដៃភាពយន្តថ្មីរបស់ផលិតកម្ម LD Entertainment ត្រៀមចាក់បញ្ចាំងតាមរោងភាពយន្តចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣តទៅ។ មិនត្រឹមជាភាពយន្តកំប្លែង តែរឿង «លង់ស្នេហ៍ពូ» បង្កប់ដោយអត្ថន័យអប់រំជាច្រើនដល់អ្នកទស្សនា។
 

«លង់ស្នេហ៍ពូ» ភាពយន្តកំប្លែងបង្កប់ដោយអត្ថន័យអប់រំ បានសម្ភោធចាក់បញ្ចាំងជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរោងភាពយន្ត Major Cineplex Aeon Mean Chey។ ភាពយន្តថ្មីនេះ ជាវណ្ណកម្មស្នាដៃភាពយន្តថ្មីរបស់ផលិតកម្ម LD Entertainment ត្រៀមចាក់បញ្ចាំងតាមបណ្តារោងភាពយន្តចាប់ពីថ្ងៃទី២ ខែមីនានេះតទៅ។

 

នាយ គ្រឿន តួអង្គសំខាន់ក្នុងរឿងនេះបានឱ្យដឹងថា រឿង «លង់ស្នេហ៍ពូ» មិនមែនត្រឹមជាភាពយន្តបែបកំប្លុកកំប្លែងប៉ុណ្ណោះទេ។ ក៏ប៉ុន្តែមានបង្កប់អត្ថន័យអប់រំជាច្រើនដល់អ្នកទស្សនា។

 

 

 វាមានភាពខុសប្លែកច្រើនពីរឿងមុនៗ ព្រោះក្នុងរឿងនេះ លោកត្រូវផ្លាស់ប្តូរអត្ថចរិកតួអង្គពីមនុស្សកំប្លុកកំប្លែងមកជាមនុស្សម៉ឺងម៉ាត់ ម៉ត់ចត់ រឹងមាំ ជាហេតុធ្វើឱ្យលោកជួបប្រទះការលំបាកច្រើនគួរសមក្នុងការសម្តែង ដោយសារធម្មជាតិលោកជាមនុស្សកំប្លែងហើយលេងសើចច្រើន។ យ៉ាងណាលោកសង្ឃឹមថា ទស្សនិកជននឹងចូលចិត្តការសម្តែងមួយនេះ ព្រោះលោកបានអូសអ្នកនាង សារ៉ាយ សក្ខណា ពីសហរដ្ឋអាមេរិក មកថតរឿងនេះជាមួយគ្នាដែរ។ 

 

 

ដោយឡែកតារាសម្តែង សារ៉ាយ សក្ខណា ថា ការសម្តែងរឿងនេះមានផលលំបាកច្រើន ព្រោះត្រូវថតនៅតំបន់ព្រៃភ្នំឆ្ងាយៗ តែដោយសារនាងពេញចិត្តសាច់រឿងហើយចង់ថត ទើបសុខចិត្តហោះមកពីអាមេរិក ដើម្បីថតរឿង «លង់ស្នេហ៍ពូ» ដូច្នេះអ្នកនាងសង្ឃឹមថា ទស្សនិកជននឹងពេញចិត្តហើយគាំទ្រស្នាដៃថ្មីរបស់នាង។

 

 

រឹតតែពិសេសជាងនេះទៀតនោះ សូម្បី តារាចម្រៀងរ៉េប ពូ ឃ្លាំង ក៏ចូលរួមសម្តែងក្នុងរឿងនេះផងដែរ ដោយលោកត្រូវសម្តែងជាតួអង្គសំខាន់មួយ។ ពូ ឃ្លាំង ឱ្យដឹងថា រឿង «លង់ស្នេហ៍ពូ» ជាភាពយន្តដំបូងដែលលោកចូលរួមសម្តែង ក្រោយប្រកាសចូលប្រឡូកសិល្បៈវិញ។ វាមានភាពលំបាកច្រើនក្នុងការសម្តែងរឿងនេះ តែដោយសារបានអ្នកដឹកនាំរឿងជួយកែតម្រូវខ្លះ ទើបទទួលបានសមិទ្ធផលល្អបែបនេះ។ ទោះការសម្តែងមិនទាន់ល្អឥតខ្ចោះក៏ពិតមែន តែលោកពេញចិត្តហើយចង់បន្តសម្តែងភាពយន្តបន្តបន្ទាប់ទៀត ប្រសិនផលិតករផ្តល់ឱកាសឱ្យ។

 


គួររំលឹកផងដែរថា រឿង «លង់ស្នេហ៍ពូ» ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបដូចជា នាយ គ្រឿន អ្នកនាង សារ៉ាយ សក្ខណា ពូ ឃ្លាំង ឌីជេ កាកា លោក លឹម ជាឡាយ លោក ជា សុវណ្ណនរាហ៍ កញ្ញា ម៉ៅ រចនា និងតារាល្បីៗជាច្រីននាក់ទៀត។ «លង់ស្នេហ៍ពូ» ចាប់ចាក់បញ្ចាំងគ្រប់រោងភាពយន្តពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះតទៅ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025