ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ក្រោយបាត់បង់ឪពុកជាទីស្រឡាញ់កាលពីពេលថ្មីៗកន្លងទៅនេះ អៀប ប្រុសពេជ្រ ប្ដេជ្ញាចិត្តប្រឹងប្រែងតស៊ូក្នុងជីវិតតាមរយៈការថតភាពយន្ត ដើម្បីរកចំណូលជួយផ្គត់ផ្គង់ក្រុមគ្រួសារបន្តទៀត។
ទស្សនិកជនភាគច្រើនប្រហែលនៅចាំ តារាសម្ដែងវ័យក្មេង អៀប ប្រុសពេជ្រ ដែលភាគច្រើនលោកតែងតែសម្តែងជាតួអង្គតួឯកប្រុសកាលពីនៅក្មេងៗ។ អាយុទើប១៥ឆ្នាំក៏ពិតមែន តែ ប្រុសពេជ្រ ចូលរួមសម្តែងភាពយន្តបានច្រើនរឿងមកហើយ រួមមានរឿងប្រភេទអប់រំខ្លីៗ និងរឿងដុំ-ភាគ ជាដើម។
ប្រាប់ចំពោះមុខអ្នកសារព័័ត៌មានសិល្បៈ កាលពីពេលថ្មីៗលោក ថា ខ្លួនចូលប្រឡូកសិល្បៈក្នុងវិស័យសម្ដែង តាំងពីអាយុ៧ឆ្នាំមកម្ល៉េះ ដូច្នេះទើបមានឱកាសបានចូលរួមសម្ដែងជាច្រើនរឿង រហូតរឿងខ្លះចាំចំណងជើងសាច់រឿងថែមទៀត។ ក្នុងនោះ ភាគច្រើនប្អូនសម្ដែងជាតួឯកប្រុសពីវ័យក្មេង និងមានអត្តចរិតស្លូតបូត សុភាពរាបសារ។
ជាអកុសលថ្មីៗនេះ តារាសម្ដែងវ័យក្មេងរូបនេះ ទើបបាត់បង់ឪពុកជាទីស្រឡាញ់ និងជាមេគ្រួសារ ធ្វើឱ្យប្អូនសោកសៅ និងជួបទុក្ខលំបាកនៅក្នុងជីវិតជាខ្លាំង។ បើទោះបីជាសព្វថ្ងៃនេះ ប្រុសពេជ្រ មិនមានលោកឪពុកជាទីពឹងតទៀតក៏ពិតមែន ប៉ុន្តែប្អូនប្រុសប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងតស៊ូក្នុងជីវិតតាមរយៈការថតភាពយន្ត ដើម្បីរកចំណូលជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារបន្តទៀត ខណៈដែលពេលនេះគ្រួសាររបស់ប្អូនកំពុងជួបទុក្ខលំបាកខ្លាំងលើផ្នែកសេដ្ឋកិច្ច។
តារាសម្ដែងវ័យ១៥ឆ្នាំនេះបន្តថា ដោយសារតែមានភាពមមាញឹកខ្លាំងជាមួយការថតខ្សែភាពយន្ត ទើបប្អូនមិនសូវបានបន្តការសិក្សាដិតដល់ ប៉ុន្តែប្អូនតាំងចិត្តថា មិនបោះបង់ការសិក្សាជាដាច់ខាត ទោះបីរៀនរាងយឺតជាងគេបន្តិចក្តី។
សូមជម្រាបថា តារាសម្ដែងវ័យក្មេង អៀប ប្រុសពេជ្រ ថ្មីៗនេះ បានចូលរួមសម្ដែងនៅក្នុងភាពយន្តបែបវិទ្យាសាស្ត្រច្នៃប្រឌិតរឿង «ជាតិក្រោយ» ដែលក្នុងនោះ ប្អូនសម្ដែងជាតួលោកបណ្ឌិត វឌ្ឍនៈ កាលពីវ័យកុមារ ដែលភាពយន្តលំដាប់អន្តរជាតិមួយនេះ បានកំពុងចាក់បញ្ចាំងតាមរោងភាពយន្តទំនើបក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក