ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ការបើកសេដ្ឋកិច្ចចិនឡើងវិញ ជះឥទ្ធិពលវិជ្ជមានច្រើនដល់ សេដ្ឋកិច្ចកម្ពុជា

២៧ មករា ២០២៣ | សេដ្ឋកិច្ច

 


មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការបើកសេដ្ឋកិច្ចចិនឡើងវិញ គឺមានឥទ្ធិពលវិជ្ជមានជាច្រើនដល់ សេដ្ឋកិច្ចកម្ពុជា ទាំងលំហូរពាណិជ្ជកម្ម ការវិនិយោគ ជំនួយអភិវឌ្ឍន៍ និងជាពិសេសគឺ ទេសចរណ៍។

 

 

ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន រំពឹងនឹងជួយរុញច្រាន សេដ្ឋកិច្ចកម្ពុជា តាមរយៈលំហូរពាណិជ្ជកម្មមកកាន់កម្ពុជា រួមទាំងការវិនិយោគ ជំនួយអភិវឌ្ឍន៍ និងភ្ញៀវទេសចរចិន។  

 


ជាក់ស្តែង ការបើកប្រទេសចិន នឹងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះចិន ជាដៃគូដ៏ធំមួយ ក្នុងចំណោមដៃគូសំខាន់ទាំង ៤ របស់កម្ពុជា រួមមានចិន អាមេរិក អឺរ៉ុប និងអាស៊ាន។ លើសពីនេះ ប្រទេសចិន គឺជាអ្នកវិនិយោគនៅកម្ពុជាធំជាងគេ ដោយកាលពីឆ្នាំ ២០២២ ចិន បានវិនិយោគជាង ១ពាន់ ៦រយលានដុល្លារអាមេរិក ស្មើនឹង ៤២% នៃការវិនិយោគសរុប។

 


ទន្ទឹមគ្នានេះ ចិន មិនត្រឹមតែវិនិយោគមកលើ វិស័យឧស្សាហកម្ម ប៉ុណ្ណោះទេ តែបានវិនិយោគទៅលើវិស័យកសិកម្ម ទេសចរណ៍ អចលនទ្រព្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ ចំពោះទេសចរណ៍ចិន ជាប្រភពចំណូលមួយសំខាន់ ដោយការបើកសេដ្ឋកិច្ចចិនឡើងវិញ គឺជាឱកាសទាក់ទាញភ្ញៀវទេសចរចិន មកកាន់ កម្ពុជា ដោយការព្យាករណ៍ក្នុងឆ្នាំ ២០២៣ ទេសចរណ៍អន្ដរជាតិនឹងមានជាង ៤លាន ៣សែននាក់ ក្នុងនោះភ្ញៀវទេសចរចិន រំពឹងមានចំនួន ២លាននាក់។ 

 


សម្រាប់វិស័យពាណិជ្ជកម្ម ទីផ្សារធំនៃការនាំចេញរបស់កម្ពុជា គឺទៅអឺរ៉ុប និងអាមេរិក ប៉ុន្ដែប្រភពវត្ថុធាតុដើម ដែលត្រូវការផលិត និងនាំចេញ គឺនាំមកពីប្រទេសចិន។ជាចុងក្រោយ ការបើកសេដ្ឋកិច្ចចិន ក៏ផ្តល់ផលវិជ្ជមានដល់ សេដ្ឋកិច្ចកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ ODA ដែលចិនផ្តល់ដល់កម្ពុជា កើនឡើងកាន់តែខ្ពស់ផងដែរ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024