ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Jisoo និងតារាស្រីល្បីៗជាច្រើនចូលរួមកម្មវិធីបង្ហាញម៉ូដឈុតប្រណីតរបស់ Dior

២៤ មករា ២០២៣ | កម្សាន្ដ


 

សមាជិកក្រុមចម្រៀង BLACKPINK Jisoo និងតារាស្រីល្បីៗជាច្រើនចូលរួមកម្មវិធីបង្ហាញម៉ូដឈុតប្រណីតរបស់ Dior ដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស កាលពីថ្ងៃច័ន្ទ។

 


ក្រុមហ៊ុនសម្លៀកបំពាក់ Dior បានរៀបចំកម្មវិធីបង្ហាញម៉ូដធំមួយទៀតសម្រាប់រដូវផ្ការីក ដោយមានការចូលរួមពីសំណាក់តារាស្រីល្បីៗជាច្រើនជាភ្ញៀវកិត្តិយស។ ក្នុងនោះមានដូចជាចូលរួមក្នុងកម្មវិធីនេះ សមាជិកក្រុមចម្រៀងនារីកូរ៉េ BLACKPINK, Jisoo (ជីស៊ូ) ដែលជាអ្នកតំណាងរបស់ប្រេន Dior បានទាក់ទាញចំណាប់អារម្មណ៍ជាថ្មីជាមួយឈុតពណ៌សដូចកូនក្រមុំជ័រ។

 


តារាស្រីល្បីៗផ្សេងទៀតដែលបានចូលរួមកម្មវិធីនេះដែរមានដូចជាតារាសម្ដែងអាមេរិក Kirsten Dunst (ឃើស្ទៀន ដាន់ស៍), តារាសម្ដែង Anya Taylor-Joy (អេនយើ ថេលើចយ) និងតារាសម្ដែង Yara Shahidi (យ៉ារ៉ា ស្ហាហ៊ីឌី) ជាដើម។

 


សម្រាប់ការបង្ហាញម៉ូដកាលពីថ្ងៃទី២៣ ខែមករានេះ អ្នករចនាម៉ូដរបស់ Dior Maria Grazia (ម៉ារៀ ក្រាហ្សៀ) បានរៀបចំឈុតជាច្រើនរំឭកដល់តារាសម្ដែងជើងចាស់ Josephine Baker (ចូសេហ្វីន បេកឃើ) ដោយបានបញ្ចេញនូវឈុតសម្លៀកបំពាក់ដ៏គួរឱ្យទាក់ទាញជាមួយត្បូងពណ៌មាស ក្រណាត់អំបោះ និងអង្កាំភ្លឺផ្លេក។

 


ក្រៅពីការបង្ហាញម៉ូដ ក្នុងនោះក៏មានការតាំងពិព័រណ៌ឈុតប្រណីតៗនៅសារមន្ទីរ Rodin (រ៉ូឌីន) ទីក្រុងប៉ារីសផងដែរ ដោយបើកជូនសម្រាប់សាធារណជនចូលទស្សនារហូតដល់ថ្ងៃទី២៩ ខែមករា ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024