ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ក្រុមហ៊ុនមេរបស់ Google បានបង្ហើបថា ខ្លួននឹងកាត់បន្ថយការងារចំនួន ១ម៉ឺន ២ពាន់កន្លែងនៅទូទាំងពិភពលោក ដោយលើកឡើងពីការផ្លាស់ប្តូរនៃសេដ្ឋកិច្ចសកល ហើយ Google បានក្លាយជា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកចុងក្រោយគេ ក្នុងការរៀបចំរចនាសម្ព័ន្ធផ្លាស់ប្តូរទ្រង់ទ្រាយធំបែបនេះ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។
ការបញ្ឈប់ការងារនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Facebook, Amazon និង Twitter បានកាត់បន្ថយបុគ្គលិករបស់ខ្លួន ខណៈដែលវិស័យបច្ចេកវិទ្យា ពីមុនមក មិនដែលប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធំមួយនេះ។នាយកប្រតិបត្តិក្រុមហ៊ុនមេ Google បាននិយាយថា ក្រុមហ៊ុន បានធ្វើការពិនិត្យយ៉ាងម៉ត់ ត់លើផ្នែកផលិតផល និងមុខងារនានា ដើម្បីធានាថាមនុស្ស និងតួនាទីរបស់ពួកគេ ត្រូវស្របតាមអាទិភាពខ្ពស់បំផុតរបស់ក្រុមហ៊ុន ដោយកម្លាំងពលកម្ម នឹងត្រូវបានកាត់បន្ថយប្រហែល ១ម៉ឺន ២ពាន់តួនាទី។
ក្រុមហ៊ុនមេ Google បានជួលកម្មករជិត ១៩ម៉ឺននាក់នៅទូទាំងពិភពលោក គិតត្រឹមចុងខែកញ្ញា ឆ្នាំ ២០២២ ហើយការកាត់បន្ថយនាលើកនេះ តំណាងឱ្យជាង ៦% នៃកម្លាំងការងារសរុប។និយោជិតអាមេរិក ត្រូវបានជូនដំណឹងរួចហើយអំពីការកាត់បន្ថយ ខណៈដែលការកាត់បន្ថយនៅក្នុងប្រទេសផ្សេងទៀត នឹងចំណាយពេលយូរជាងនេះ ដោយសារច្បាប់ការងារក្នុងស្រុក។
បើតាមអ្នកវិភាគ បានអះអាងថា ក្រុមហ៊ុនដ៏លេចធ្លោនៅក្នុងវិស័យបច្ចេកវិទ្យាមួយនេះ កន្លងមកបានប្រើប្រាស់កម្លាំងពលកម្មលើសចំណុះ ដោយមើលមិនឃើញមានការធ្លាក់ចុះ នាពេលអនាគតទេ ដោយនេះគឺជាការជួលបុគ្គលិកក្នុងល្បឿនសេដ្ឋកិច្ចដែលមិនស្ថិតស្ថេរ ហើយឥឡូវនេះ សេដ្ឋកិច្ចកាន់តែងងឹត កំពុងបង្ខំឱ្យបញ្ឈប់ការងារនៅទូទាំងពិភពលោក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ