ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
នៅក្នុងថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោបានថ្លែងថា ការអប់រំនៅក្នុងប្រទេសកម្ពុជា គឺផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ រហូតដល់សព្វថ្ងៃនេះ យើងមានលោកគ្រូអ្នកគ្រូ និងសាស្ត្រាចារ្យដែលមានចំណេះជំនាញពិតប្រាកដក្នុងការបណ្ដុះបណ្ដាល។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា មានប្រទេសជាច្រើនបានធ្វើបដិវត្តន៍ តែមិនដូចការធ្វើបដិវត្តន៍នៅកម្ពុជានោះទេ គឺ ខុសត្រង់ថាការធ្វើបដិវត្តន៍របស់ប្រទេសទាំងនោះបានបន្តជាមួយសមិទ្ធផលរបបចាស់ ឬគ្រាន់តែកែលំអចំណុចដែលរបបថ្មីយល់ថាមិនល្អ ប៉ុន្តែនៅកម្ពុជា ត្រូវចាប់ផ្តើមឡើងវិញលើគ្រប់វិស័យ ដោយចាប់ផ្ដើមពីបាតដៃទទេ ពេលដែលប្រទេសយើងងើបពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនោះ។
សម្តេចនៅតែមានមោទនភាព ចំពោះការសម្រេចឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ហើយផ្តល់ប្រាក់ឧបត្ថម្ភថែមទៀត ហើយសម្តេចតេជោ គ្រោងអនុវត្តន៍នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខផងដែរ។
សម្រាប់កម្ពុជាក៏មិនដែលទម្លាក់ដៃចុះក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលនោះដែរ ពោលគឺរាជរដ្ឋាភិបាលបានធ្វើកិច្ចការងារច្រើនណាស់សម្រាប់ផ្ដល់ការអប់រំ ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋ ការពង្រឹងវិស័យសិក្សាចាប់ពីថ្នាកបឋមសិក្សារហូតដល់ឧត្តមសិក្សា។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សក្នុងប្រទេសឱ្យបានកាន់តែច្រើន ដែលជាអាទិភាពចម្បងបំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ប្រសិនបើមិនឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំទេ កម្ពុជានឹងខកខានផ្តល់ការអប់រំដល់សិស្សដែលប្រឡងជាប់បាក់ឌុប ខណៈសាកលវិទ្យាល័យរបស់រដ្ឋទទួលបានយ៉ាងច្រើន១ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះសិស្សរាប់ម៉ឺននាក់ទៀតនឹងគ្មានសាកលវិទ្យាល័យសម្រាប់បន្តការសិក្សា។
សម្ដេចបានគូសបញ្ជាក់ថា ទាក់ទិននឹងបញ្ហាគុណភាពអប់រំនេះ មិនមែនធ្វើតែមួយថ្ងៃនោះទេ គឺត្រូវតែមានការវិវត្តរៀងរាល់ថ្ងៃ កុំថាឡើយកម្ពុជា សូម្បីតែប្រទេសដទៃក៏កំពុងខិតខំលើកកម្ពស់វិស័យអប់រំរបស់គេដែរ នេះក៏ព្រោះតែវិទ្យាសាស្ត្រ បច្ចេកទេសមានការវិវត្តឥតឈប់ឈរ ជាមួយនឹងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយប្រទេសទាំងនោះក៏សុទ្ធតែមានតម្រូវការការពង្រឹងសមត្ថភាពតាមរយៈការអប់រំបណ្ដុះបណ្ដាល៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ