ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ចានបង្គន់វៃឆ្លាតរបស់ក្រុមហ៊ុនខូឡឺ(Kohler)ដែលមានឈ្មោះថា«នូមី.ពីរ.ចុចសូន្យ-(Numi 2.0)» នៅទីបំផុតអាចផលិតបានសម្រេច និងដាក់លក់នៅលើទីផ្សារហើយកាលពីពេលថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុនបង្ហាញពីគម្រោងនេះជាលើកដំបូងកាលពីឆ្នាំ២០១៩។ ប៉ុន្តែចានបង្គន់នេះមិនថោកប៉ុន្មានទេ តម្លៃចាប់ពីជាង៨ពាន់ដុល្លាររហូតដល់១ម៉ឺនដុល្លារ។
អ្វីដែលជាលក្ខណៈពិសេសរបស់ «ចានបង្គន់នូមីពីរចុចសូន្យ» នៅត្រង់ថាវាបំពាក់អូប៉ាល័របំពងសំឡេង ឬស្ពីកខឺឆ្លាតវៃម៉ាកអាឡិចសា(Alexa)ដែលអាចបញ្ជាដោយឧបករណ៍គ្រប់គ្រងសំឡេង។
ដូចនេះ លោកអ្នកអាចឆែកមើលអាកាសធាតុ, អាចស្ដាប់បទភ្លេង ឬបទចម្រៀងនៅពេលអង្គុយបត់ជើងតូច ឬបត់ជើងធំ។ ក្រៅពីនេះ, ចានបង្គន់នូមី២.០(Numi 2.0)ក៏បំពាក់ធុងបាស់ប្រើបច្ចេកវិទ្យាសឺរ៉ោនសោន(surround sound), ពន្លឺភ្លើងអឹលអ៊ីឌីចម្រុះពណ៌, មានប្រព័ន្ធចុចទឹកបង្គន់ដោយស្វ័យប្រវត្តិ, មានក្បាលរ៉ូប៊ីណេលាងសម្អាតដោយស្វ័យប្រវត្តិ, មានសាប៊ូអនាម័យ និងមានប្រព័ន្ធសម្ងួតទឹក។
អ្នកតំណាងក្រុមហ៊ុនខូឡឺប្រាប់ថាចានបង្គន់វៃឆ្លាតនេះផលិតឡើងដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជនមួយកំផ្លេ។ សម្រាប់ចានបង្គន់វៃឆ្លាតនូមី២.០ តម្លៃ១ម៉ឺនដុល្លាររឹតតែមានលក្ខណៈពិសេស និងផាសុកភាពសម្រាប់អតិថិជន។
វាមានបំពាក់ធុងបាស់ម៉ាកអាឡិចសា(Alexa)របស់ក្រុមហ៊ុនអាម៉ាហ្សូន, បំពាក់ប្រព័ន្ធភ្លើងចម្រុះពណ៌ និងបំពាក់ប្រព័ន្ធបញ្ជាឲ្យចានបង្គន់អាចដំឡើងកម្ពស់ ឬបន្ទាបខ្លួនទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។
នៅពេលអង្គុយបត់ជើងបណ្ដើរ ដើម្បីកុំឲ្យមានអារម្មណ៍ធុញថប់, លោកអ្នកអាចចុចប៊ូតុងបញ្ជាឲ្យចានបង្គន់នេះចាក់ចម្រៀង ឬចាក់បទភ្លេងកំដអារម្មណ៍, អាចចុចបញ្ជាឲ្យឆែកមើលអាកាសធាតុ ឬមើលព័ត៌មានផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត, មានក្បាលរ៉ូប៊ីណេបាញ់ទឹក, មានប្រព័ន្ធសម្ងួតទឹក និងមានប្រព័ន្ធលាងសម្អាតដោយស្វ័យប្រវត្តិដោយប្រើប្រាស់កាំរស្មីពណ៌ស្វាយ ឬយូវី(UV)ដែលអាចសម្លាប់មេរោគ និងបាក់តេរីគ្រប់ប្រភេទ។
លោកអ្នកអាចបញ្ជាឲ្យចានបង្គន់នូមី២.០បំពេញមុខងារផ្សេងៗដោយចុចប៊ូតុងដែលបំពាក់នៅលើចានបង្គន់ ឬនៅលើជញ្ជាំង។ រឹតតែពិសេសបំផុតសម្រាប់បុរស។ សម្រាប់ចានបង្គន់ធម្មតា នៅពេលឈរបត់ជើងតូចអាចធ្វើឲ្យទឹកនោមស្រក់នៅលើចានបង្គន់ ឬនៅលើឥដ្ឋការ៉ូ។
ប៉ុន្តែសម្រាប់ចានបង្គន់នូមី២.០, លោកអ្នកអាចបញ្ជាឲ្យចានបង្គន់ខិតឡើងទៅលើ៕
ប្រែសម្រួល៖ អន សំអាង