ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ បានថ្កោលទោសទៅលើចំណាត់ការបន្តដាក់ទណ្ឌកម្មបន្ថែមទៀតរបស់ប្រទេសកូរ៉េខាងត្បូង លើទីក្រុងព្យុងយ៉ាង បន្ទាប់ពីរដ្ឋាភិបាល កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់ ដោយនិយាយថា វិធានការដាក់ទណ្ឌកម្ម និងដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង នឹងបន្ថែមតែភាពប្រទូសរ៉ាយ និង កំហឹងរបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋKCNA។
លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោកKim Jong Un បានលើកឡើងនូវការអត្ថាធិប្បាយខាងលើក្នុងសេចក្តីថ្លែងការណ៍ មួយដែលចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងជើងKCNA ដោយបានហៅ «លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង និងអ្នកផ្សេងទៀតដែលលោកស្រី ទុកជាមនុស្សល្ងីល្ងើនោះ ថាពួកគេ ជាសុនខដ៏ស្មោះត្រង់របស់សហរដ្ឋអាមេរិក»។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងនៅថ្ងៃអង្គារថា ក្រសួងកំពុងពិនិត្យមើលទណ្ឌកម្មឯករាជ្យលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ក្រសួងការបរទេស កូរ៉េខាងត្បូងបានបន្តថា ទណ្ឌកម្មជាច្រើនលើវិស័យសាយប៊ើ(Cyber)ស្ថិតនៅក្នុងបណ្តាចំណោមទណ្ឌកម្មដែលត្រូវពិចារណា ប្រសិនបើកូរ៉េខាងជើងធ្វើតេស្តនុយ ក្លេអ៊ែរ។
ប្រទេសកូរ៉េខាងជើងនៅឆ្នាំនេះបានធ្វើតេស្តបាញ់មីស៊ីលបលីស្ទីកក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេលជាច្រើនខែមកហើយដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកបានលើកឡើងថា កូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរ។
លោកស្រីKim Yo Jong លើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា«ប្រសិនបើពួកគេគិតថា ពួកគេអាចគេចវេសពីស្ថានភាពគ្រោះថ្នាក់ នាពេលបច្ចុប្បន្ន តាមរយៈការដាក់ទណ្ឌកម្មនោះ ពួកគេពិតជាមនុស្សល្ងង់ល្ងីល្ងើ ពេលដែលពួកគេមិនដឹងពីការរស់នៅក្នុងសន្តិភាពនិងភាពសុខសាន្ត»។
ប្រែសម្រួល៖ណាវ័ន្ត