ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង ២០០លានដុល្លារក្នុងសកម្មភាពមីននៅកម្ពុជា

២២ ​វិច្ឆិកា ២០២២ | សេដ្ឋកិច្ច

 

យ៉ាងហោចណាស់ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង ២០០លានដុល្លារ អាមេរិក ក្នុងការចូលរួមសកម្មភាពមីននៅកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ។


បិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជានៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន បានឱ្យដឹងថា រយៈពេល ៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ 

 

 

 


រយៈពេលនេះ យ៉ាងហោចណាស់ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង២០០លាន ដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។

 


កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាបដិភាគចំនួន ១០ភាគរយ សម្រាប់រួមចំណែកដល់គម្រោងជំនួយឥតសំណងថ្មីនានា ដែលបម្រើឲ្យការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបដិភាគចំនួន១០ភាគរយ សម្រាប់រួមចំណែក អនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងរង្វង់ឥណទានចំនួន ២លានដុល្លារ។

 


លើសពីនេះ រាជរដ្ឋាភិបាល ក៏បានរួមចំណែកថវិការាប់សិបលានដុល្លារផ្សេងទៀតដែរ តាមរយៈការលើកលែងពន្ធនាំចូលសម្ភារៈ ឧបករណ៍ប្រើប្រាស់ រថយន្ត គ្រឿងចក្រនានា ដោយពន្ធជាបន្ទុករបស់រដ្ឋ។

 


ឯកឧត្តម លី ធុជ ក៏បានសំដែងនូវអំណរគុណជូនចំពោះប្រទេសផ្ដល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ជំនួយទាំងបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុ ដល់សកម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំកន្លងទៅនេះ ក្នុងបុព្វហេតុនៃការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕
 

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ក្រុមការងារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024