ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តារាភាពយន្ត តៃវ៉ាន់ ល្បីៗបង្ហាញមុខក្នុងកម្មវិធីពានរង្វាន់ Golden Horse លើកទី៥៩

២២ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 


ភាពយន្តតៃវ៉ាន់បែបគ្រួសារ Coo-Coo 043 (ខូខូ សូន្យសែសិបបី) បានឈ្នះពានរង្វាន់ធំពីកម្មវិធីពានរង្វាន់ភាពយន្តតៃវ៉ាន់ Golden Horse លើកទី៥៩ ដែលមានតារាតៃវ៉ាន់ល្បីៗជាច្រើនបានចូលរួម។

 


ភាពយន្តតៃវ៉ាន់ Coo-Coo 043 (ខូខូ សូន្យសែសិបបី) បានឈ្នះពានរង្វាន់ជាភាពយន្តឆ្នើមនៅឯកម្មវិធីពានរង្វាន់ Golden Horse Awards (ហ្គោលដិន ហ័ស អឹវ៉ត) លើកទី៥៩ ដែលប្រព្រឹត្តិទៅនៅទីក្រុងតៃប៉ិ។  

 

 

Coo-Coo 043 (ខូខូ សូន្យសែសិបបី) គឺជាខ្សែភាពយន្តដែលរៀបរាប់ពីរឿងហេតុនៅក្នុងពិភពនៃការប្រណាំងសត្វព្រាប ដោយបង្ហាញជុំវិញគ្រួសារដែលជួបការលំបាក និងពឹងផ្អែកលើកីឡាប្រណាំងព្រាបដើម្បីចិញ្ចឹមជីវិត ខណៈដែលពួកគេប្រឈមមុខនឹងការគំរាមកំហែងនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការបាត់ខ្លួនកូនប្រុសក្នុងគ្រួសារ។

 

 

ភាពយន្ត Coo-Coo 043 (ខូខូ សូន្យសែសិបបី) នេះដែរក៏បានជួយឲ្យតារាសម្ដែងវ័យ២៤ឆ្នាំ ឈ្មោះ Hu Jhih-ciang (ហ៊ូ ជី កាង) ឈ្នះពានរង្វាន់ជាតារាសម្ដែងថ្មីឆ្នើម ខណៈពានរង្វាន់តួឯកប្រុសស្រីឆ្នើមបានទៅលើតារាប្រុសហុងកុង Anthony Wong (អានថូនី វ៉ង) និងតារាស្រីតៃវ៉ាន់ Sylvia Chan (សីលវៀ ចាន់)។អ្នកដឹកនាំរឿង Laha Mebow (ឡាហា មេបូ) បានឈ្នះពានអ្នកដឹកនាំរឿងឆ្នើមសម្រាប់ខ្សែភាពយន្តចំណងជើង "GAGA" (ហ្គាហ្គា) ដែលជាភាពយន្តបែបគ្រួសារ។

 

 

ពានរង្វាន់ដែលត្រូវបានគេហៅជាញឹកញាប់ថាជាអូស្ការជាភាសាចិននេះ ត្រូវបានធ្វើឡើងនៅតៃវ៉ាន់ជាលើកទី៥៩ ខណៈដែលផលិតករភាពយន្តចិនមិនទទួលបានការលើកទឹកចិត្តពីអាជ្ញាធររបស់ពួកគេឲ្យចូលរួម បន្ទាប់ពីព្រឹត្តិការណ៍នេះបានបង្កឱ្យមានរឿងចម្រូងចម្រាសក្នុងឆ្នាំ២០១៨ នៅក្នុងប្រទេសចិន និងក្នុងចំណោមសិល្បករចិន នៅពេលដែលអ្នកដឹកនាំរឿងតៃវ៉ាន់ Fu Yue (ហ្វូ យូ) បានធ្វើអត្ថាធិប្បាយគាំទ្រឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024