ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រឡូកភាពយន្តលើកដំបូង ឆាឆា ប៉ះរឿងភាគខ្នាតធំ PNN «លួចស្នេហ៍គូដណ្តឹង»

១៨ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ធ្លាប់តែឃើញ ឆាឆា កាត់តរូបភាពប្លែកៗបង្ហោះហ្វេសប៊ុក សុខៗស្រាប់តែលេចមុខក្នុងរឿងភាគខ្នាតធំ «លួចស្នេហ៍គូដណ្តឹង» របស់ PNN ដោយរឿងនេះត្រូវសាម៉ីខ្លួនឱ្យដឹងថា ជាស្នាដៃភាពយន្តដំបូងបង្អស់របស់ខ្លួន។

 

ជឿជាក់ថា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកភាគច្រើនប្រាកដជាស្គាល់ ឆាឆា តាមរយៈស្នាដៃកាត់តរូបភាពប្លែកៗជាមួយតារាល្បីៗ ដែលរូបភាពកាត់តទាំងនោះភាគច្រើនជារូបភាពកំប្លុកកំប្លែង បង្កប់ដោយភាពហួសចិត្ត។ 

 

 

បន្ទាប់ពីសាងបានប្រជាប្រិយភាពលើបណ្តាញសង្គម ឆាឆា ដែលមានឈ្មោះពិត គាំ ស័ក្ដវិជ្ជា ក៏បានរំកិលខ្លួនចូលវិស័យភាពយន្តវិញម្តង ដោយរឿងភាគទី១ដែលលោករួមសម្តែងចំណងជើងថា «លួចស្នេហ៍គូដណ្តឹង» ជារឿងភាគខ្នាតធំប្រចាំឆ្នាំមួយរបស់ស្ថានីយ៍ទូរទស្សន៍ទំនើប PNN។

 

 

ឆាឆា រៀបរាប់ឱ្យដឹងថា លោកពិតជារីករាយដែលមានចំណែកចូលរួមសម្តែងក្នុងរឿងនេះ គ្រប់យ៉ាងជាបទពិសោធន៍ថ្មីសម្រាប់លោក ហើយលោកក៏ពេញចិត្តតួអង្គដែលខ្លួនឯងសម្តែងក្នុងរឿងនេះណាស់ ព្រោះវាដូចចរិកពិតរបស់លោក។ លោកជឿជាក់ថា ទស្សនិកជននឹងជក់ចិត្តពេលបានទស្សនារឿងនេះ ព្រោះរឿងនេះនឹងឆ្លុះបញ្ចាំងឱ្យឃើញជ្រុងមួយនៃជីវិតដែលយើងកំពុងរស់នៅប្រចាំថ្ងៃ។

 


ឆាឆា បន្តថា វាមានផលលំបាកខ្លះដែលសម្រាប់ការថតរឿងភាគលើកទី១នេះ ដូចការដែលត្រូវចុះខេត្តថត ហើយរងកម្តៅថ្ងៃជាដើម តែបើការសម្តែងវិញនោះ មិនជាបញ្ហាឡើយ ព្រោះតួអង្គជាអ្នកចាត់ការរបស់ អេឡា ជាចំណូលចិត្តរបស់លោកតែម្តង ដោយលោកអាចតុបតែងខ្លួនបែបឈ្នះៗដូចចរិកពិតរបស់លោក។ យ៉ាងណាមិញ ការថតទៅបានរលូនដូច្នេះ ក៏ដោយសារមានការជួយជ្រោមជ្រែងពីក្រុមការងារផលិត និងរៀមច្បងជាច្រើនរូបផងដែរ។

 


Video Creator ដែលទើបវិវត្តន៍ខ្លួនមកជាតារាសម្តែងរូបនេះ សង្ឃឹមថា ទស្សនិកជននឹងចូលចិត្តការសម្តែងរបស់លោកក្នុងរឿងភាគទី១នេះ។ «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024