ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥

ធនាគារកណ្តាលអាស៊ានចំនួន ៥ ចុះ MOU លើការទូទាត់ឆ្លងព្រំដែនក្នុងតំបន់

១៧ ​វិច្ឆិកា ២០២២ | សេដ្ឋកិច្ច

 

ធនាគារកណ្តាលអាស៊ាចំនួន ៥ បានចុះហត្ថលេខានូវ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការទូទាត់ឆ្លងព្រំដែនក្នុងតំបន់ ដោយប្រទេសទាំងនោះរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ ក្នុងអំឡុងពេលពិធីចុះហត្ថលេខានេះ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេស៊ី លោក ភឺរី វ៉ាជីយ៉ូ បាននិយាយថា ការតភ្ជាប់ក្នុងតំបន់ នឹងដំណើរការដោយប្រើ QR កូដ។


លោក ក៏បាននិយាយផងដែរថា ការទូទាត់រូបិយប័ណ្ណក្នុងស្រុក នឹងត្រូវបានប្រើ ដូច្នេះនឹងមិនចាំបាច់បំប្លែងទៅជា ប្រាក់ដុល្លារអាមេរិកឡើយ។លើសពីនេះ ប្រទេសឥណ្ឌូនេស៊ី បានភ្ជាប់ប្រព័ន្ធទូទាត់របស់ខ្លួនដោយប្រើលេខកូដ QR ជាមួយប្រទេសថៃ កាលពីដើមឆ្នាំ ២០២២នេះ ហើយនឹងធ្វើដូចគ្នាក្នុងពេលឆាប់ៗនេះ ជាមួយប្រទេសដទៃទៀត។


ទោះយ៉ាងណា កិច្ចព្រមព្រៀងនេះ បច្ចុប្បន្នគ្របដណ្តប់លើ ការតភ្ជាប់ប្រព័ន្ធទូទាត់លក់រាយ ប៉ុន្តែក៏មានផែនការបង្កើនភាពជាដៃគូទៅកម្រិតលក់ដុំ និងតភ្ជាប់ជាមួយរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលថែមទៀតផង។


រដ្ឋាភិបាលឥណ្ឌូនេស៊ី ធ្លាប់បានអះអាងថា ការបង់ប្រាក់ឆ្លងព្រំដែនរវាងប្រទេសអាស៊ានទាំង ៥ នឹងត្រូវតភ្ជាប់នៅឆ្នាំ ២០២៣ខាងមុខ ហើយប្រធានាធិបតីឥណ្ឌូនេស៊ី ក៏ធ្លាប់បាននិយាយថា លោករំពឹងថាគំនិតផ្តួចផ្តើមការទូទាត់ឆ្លងព្រំដែន នឹងត្រូវបានពង្រីកដល់កម្រិតពិភពលោក។

 


ការទូទាត់ឆ្លងព្រំដែននេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងការលើកកម្ពស់កំណើនរួមគ្នា គាំទ្រ និងសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន ការវិនិយោគ ការផ្ទេរប្រាក់ ទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ព្រមទាំងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលរួមបញ្ចូលកាន់តែច្រើននៅក្នុងតំបន់។

 


សូមជម្រាបដែរថា ការពន្លឿនសេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល បានក្លាយជា គំនិតផ្តួចផ្តើមជាសកលជាមួយ G20 បង្កើតផែនទីបង្ហាញផ្លូវរបស់ខ្លួន សម្រាប់ការលើកកម្ពស់ការទូទាត់ឆ្លងព្រំដែនក្នុងតំបន់ និងឈានទៅក្រៅតំបន់៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025