ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រវល់ស្ទើរដកឃ្លាមិនរួច ខាត់ វ៉ៃហាំង នៅឆ្លៀតផលិតកម្មវិធី «សាកថ្មីជីវិត» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា 

១១ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ត្រៀមហើយឬនៅ? នៅដើមឆ្នាំ២០២៣ខាងមុខនេះ តារាសម្តែងឆ្នើម ខាត់ វ៉ៃហាំង នឹងនាំកម្មវិធីថ្មីមួយឈ្មោះថា «សាកថ្មីជីវិត» ឬ «Battery Life» មកចែកជូនទស្សនិកជន ដែលកម្មវិធីនេះនឹងនាំលោកអ្នកទៅស្គាល់ទីតាំងតំបន់ទេសចរណ៍ផ្សេងៗជុំវិញប្រទេសកម្ពុជា។


ស្នាដៃភាគយន្តភាគថ្មីសន្លាងរបស់តារាសម្តែងប្រុសឆ្នើមលំដាប់ប្រទេស លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ចំណងជើង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» នឹងបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ទំនើប ភីអិនអិន នៅពាក់កណ្តាលខែវិច្ឆិកានេះហើយ។ នេះបើយោងតាមការបញ្ជាក់ក្នុងព្រឹត្តិការណ៍ PNN Showcase 2023។

 

 

ក្រៅអំពីស្នាដៃភាពយន្តថ្មី វ៉ៃហាំង ក៏នាំមកជូនទស្សនិកជននូវកម្មវិធីថ្មីស្រឡាងមួយទៀតផងដែរ ឈ្មោះថា «សាកថ្មីជីវិត» ឬ «Battery Life» ជាកម្មវិធីមួយដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាការបង្ហាញសារឱ្យគ្រប់គ្នាដែលមមាញឹកការងារដល់ថ្នាក់ភ្លេចខ្លួនឯង ឱ្យចេះផ្តល់ពេលវេលាដល់ខ្លួនឯង។

 

 

តារាសម្តែងរូបសង្ហានេះរៀបរាប់ថា កម្មវិធី «សាកថ្មីជីវិត» ឬ «Battery Life» កើតឡើងដោយសារតែខ្លួនលោកផ្ទាល់ចូលចិត្តដើរកម្សាន្តតាមទីតាំងតំបន់ទេសចរណ៍ផ្សេងៗ មួយទៀត អាជីពជាតារាសម្តែងក៏បាននាំលោកទៅដល់កន្លែងស្អាតៗជាច្រើន ដែលកន្លែងខ្លះក៏ធ្លាប់មានគេស្គាល់ ខ្លះទៀតមិនធ្លាប់មានគេស្គាល់ ដូច្នេះលោកចង់ឆ្លៀតឱកាសនេះ ផ្តិតយកផ្ទាំងទស្សនីយភាពថ្មីប្លែក ស្រស់បំព្រងមើលហើយត្រជាក់ភ្នែកពីធម្មជាតិក្នុងប្រទេសកម្ពុជាមកចែកជូនទស្សនិកជនទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ ភីអិនអិន។ 

 


សូមជម្រាបថា តារាសម្តែងឆ្នើម ខាត់ វ៉ៃហាំង ជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងកម្មវិធី «សាកថ្មីជីវិត» ឬ «Battery Life» ព្រោះលោកជាអ្នកផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះ ហើយក៏ជាអ្នកផលិត និងជាអ្នកដឹកនាំកម្មវិធីនេះដោយផ្ទាល់ មិនតែប៉ុណ្ណោះលោកគឺជាពិធីករតែម្នាក់ក្នុងកម្មវិធីនេះ ដែលនឹងនាំលោកអ្នកទៅដល់ទីតាំងតំបន់ទេសចរណ៍ផ្សេងៗជុំវិញប្រទេសកម្ពុជា។

 

 

កម្មវិធី «សាកថ្មីជីវិត» ឬ «Battery Life» ត្រៀមបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ទំនើប ភីអិនអិន នៅដើមឆ្នាំ២០២៣ខាងមុខនេះ។ កុំភ្លេចរង់ចាំតាមដានកម្មវិធី «សាកថ្មីជីវិត» ឬ «Battery Life» ជាកម្មវិធីថ្មីសន្លាង ដែលនឹងនាំលោកអ្នកទៅដល់សាកថ្មីជីវិតនៅតាមទីតាំងតំបន់ទេសចរណ៍ផ្សេងៗជុំវិញប្រទេសកម្ពុជា!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024