ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ចាយពេលមិនដល់កន្លះទឹកស្រួលបួលផង ខាំ ខ្លានាង បានប្រើទម្ងន់ជើង ទាត់ផ្តួលសិស្សក្លិប ជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ស៊ឺន ថៃសាន់ ឲ្យបោះបង់ការប្រកួត នៅលើសង្វៀនអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN នេះជាហេតុធ្វើឲ្យកូនសិស្សលោក មាស សុខគ្រី ពុំទាន់អស់ចិត្តពីសមត្ថភាពខ្លួន រួចសុំជួបជើងខ្លាំងទម្ងន់ស្រាល ខាំ ខ្លានាង ជាថ្មី ដើម្បីជម្រះមន្ទិល។
បន្ទាប់ពីត្រូវបានអាជ្ញាកណ្ដាលរាប់ដល់១០ ហើយពុំអាចបន្តការប្រកួតបានទៀត អ្នកប្រដាល់មានដើមកំណើតពីខេត្តកំពង់ស្ពឺរូបនេះរៀបរាប់ថា រូបគេនៅមិនទាន់អស់ចិត្តនៅឡើយ ព្រោះថាប្រើកម្លាំងពុំទាន់អស់ពីសមត្ថភាព បែរជាភ្លាត់ចូលមួយជើងត្រង់ឆ្អឹងជំនី ធ្វើឲ្យទ្រាំបន្តការប្រកួតទៀតលែងបាន។
«អត់ទាន់អស់ចិត្តទេ ចង់ជួបគាត់ម្ដងទៀត នៅសង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE អត់អស់ចិត្តព្រោះថាមិនទាន់វ៉ៃអស់សមត្ថភាពផង ណាមួយយើងនៅពេញ ដល់ពេលភ្លាត់ចូលចឹងអត់ទាន់អស់សមត្ថភាព ព្រោះអត់ដែលវ៉ៃចឹងផង សោកស្ដាយខ្លាំង ព្រោះអត់ទាន់ប្រកួតអស់ពីសមត្ថភាពផង យើងភ្លាត់ចូលឆ្អឹងជំនី ធ្វើឲ្យវ៉ៃអត់កើតទៀត។ ប្រើកម្លាំងមិញទើបបាន២០% ត្រៀមរូចរាល់អស់ហើយថាត្រូវប៉ះគាត់ ចង់ប៉ះគាត់ម្ដងទៀត ហើយប្រសិនបើ់ចាញ់ទៀតខ្ញុំអស់ចិត្តមែនទែនហើយ»។
គួរបញ្ជាក់នេះ នេះជាការប៉ះគា្នលើកទី៣ហើយ រវាងសិស្សលោក ប៊ឺត សំខាន់ និងសិស្សលោក មាស សុខគ្រី ដោយការប្រកួតកន្លងមក ខាំ ខ្លានាង ឈ្នះ ២ និងចាញ់ ១ប្រកួត។
សូមជម្រាបជូនថា កម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE រកឃើញបេក្ខភាពពីររូប ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយ នោះគឺកីឡាករ អេលីត ចំរើន ដែលបានយកឈ្នះពិន្ទុ ប៊ុន សុធា និងកីឡាករ វ៉ាន់ វឿន ក្រោយទម្លាក់ អេ ណារ័ត្ន។ អ្នកទាំង២ នឹងត្រូវប៉ះគ្នាស្វែងរកម្ចាស់ខ្សែក្រវាត់មាសអធិរាជទម្ងន់ ៥៧គីឡូក្រាម និងប្រាក់រង្វាន់ ៤០លានរៀល នៅថ្ងៃទី០៥ កក្ដដា ឆ្នាំ ២០២០ ខាងមុខ៕