ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ជើងខ្លាំងរលកថ្មី កំពុងមានប្រជាប្រិយភាព ក្នុងចំណោមអ្នកប្រយុទ្ធគុនខ្មែរវ័យក្មេងពីររូប រួមមាន អេលីត ប៊ុនតុង និងម្ចាស់កំណត់ត្រា១២ប្រកួតមិនស្គាល់ចាញ់ គា ស៊្រុន បានបង្ហាញជំនឿចិត្តខ្ពស់រៀងៗខ្លួន ដើម្បីត្រៀមប្រជែងជើងឯក ម៉ារ៉ាតុន ទម្ងន់៤៥គីឡូក្រាម កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ ទី១៦ ខែសីហា ចុងសប្ដាហ៍នេះ។
បទសម្ភាសជាមួយភីអិនអិន នៅក្លិបហ្វឹកហាត់មុនការប្រកួត កាលពីថ្ងៃទី១០ ខែសីហា ថ្នាលគុនខ្មែរទាំងពីររូប បង្ហាញការតាំងចិត្តរៀងៗខ្លួន។
អេលីត ប៊ុនតុង៖ “បាទបង ខ្ញុំចូលប្រដាល់២ឆ្នាំមកនេះ អត់ដែលធ្លាប់លេង ម៉ារ៉ាតុន ផង។ ពេលនេះ មានអារម្មណ៍សប្បាយចិត្ត ដែលបានចូលរួមនឹងគេ។ ខ្ញុំបារម្ភជាងគេគឺ គា ស្រ៊ុន ព្រោះអីថ្មីៗនេះ គាត់កំពុងឡើងខ្លាំង។ ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព។ ខ្ញុំប្ដេជ្ញាខិតខំប្រកួតអស់ពីលទ្ធភាព។ ហើយសូមបងប្អូនជួយគាំទ្រ និងទស្សនា នាថ្ងៃអាទិត្យ ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្ញុំ”។
គា ស្រ៊ុន៖ “ខ្ញុំបាន គា ស្រ៊ុន។ ខ្ញុំបានហ្វឹកហាត់ពេញល្អ។ ដឹងហើយបង ខ្ញុំត្រូវប៉ះជាមួយ អេលីត ប៊ុនតុង។ ខ្ញុំអត់ដែលធ្លាប់ប៉ះគេកន្លងមកទេ។ ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះអត់ដែលបានលេងពានចឹងទេ។ ខ្ញុំនឹងខំហាត់ជាងមុន ហើយខំប្រឹងប្រែងយកជ័យជម្នះឲ្យបាន។ ខ្ញុំនឹងប្ដេជ្ញាចិត្តថា ខំប្រឹងប្រែងហាត់ឲ្យខ្លាំងជាងមុន។ ហើយថ្ងៃទី១៦ សូមពុកម៉ែបងប្អូនជួយគាំទ្រខ្ញុំ គា ស្រ៊ុន ផងបាទ”។
សូមបញ្ជាក់ថា កម្មវិធី ដណ្ដើមជើងឯក ម៉ារ៉ាតុន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ ទី១៦ ខែសីហា សប្ដាហ៍នេះ បានផ្ដល់ឱកាសដល់ថ្នាលគុនខ្មែរ ទម្ងន់៤៥គីឡូក្រាមកំពុងឡើងកូដ ៤រូប រួមមាន ព្រឿង សុចឺត, ឡុង ពិសិដ្ឋ, អេលីត ប៊ុនតុង និង គា ស៊្រុន នឹងធ្វើការប្រជែងគ្នារកជើងខ្លាំងម្នាក់ ក្លាយជាម្ចាស់ពាន និងប្រាក់រង្វាន់២លាន៦សែនរៀល។
លើសង្វៀនតែមួយ កាន់តែជក់ចិត្តគូមិត្តភាព ជើងឯកម៉ារ៉ាតុន ទម្ងន់៥៤ “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” យីប ឌុក ត្រូវតតាំងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០១៩ ហ៊ីម គឹងរៀង ខណៈអ្នកប្រដាល់ទម្ងន់ធ្ងន់ ឡុង វ៉ៃ តទល់ ទូច ទូ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ផេកហ្វេសប៊ុក PNN Sports និង ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
អត្ថបទ និងរូបភាព៖ នូ ពៅ