ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ទីបំផុត អ្នកប្រដាល់គុនខ្មែរវ័យក្មេង ធន់ វិស្ណុ ក្រសោបបានពាន ម៉ារ៉ាតុន និងប្រាក់រង្វាន់២លាន៦សែនរៀល លើកដំបូងបង្អស់ក្នុងអាជីពរបស់ខ្លួន ពីកម្មវីធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលថ្ងៃអាទិត្យ ទី២៣ ខែសីហា ក្រោយយកឈ្នះពិន្ទុ ឡុង អាឆើត វគ្គផ្ដាច់ព្រ័ត្រ។
ប្រាប់ភីអិនអិន ក្រោយចប់ការប្រកួត អ្នកស្នងគុនខ្មែរ ដើមកំណើមពីខេត្តព្រៃវែង រូបនេះ បានបង្ហាញក្ដីរំភើបយ៉ាងខ្លាំង ហើយគ្រោងយកថវិកាពីជ័យលាភីមួយនេះ ទៅជួយសម្រួលដល់ជីវភាពឪពុកម្ដាយរបស់ខ្លួនមួយចំណែក។
«មានអារម្មណ៍សប្បាយចិត្តខ្លាំង ដែលដណ្ដើមបានប្រាក់លាននៅភីអិនអិន។ ការប្រកួតអម្បាញ់មិញ ជុំទី១ រាងពិបាក និងតានតឹងខ្លាំង ពេលប៉ះ ប៊ន ពន្លឹក។ ឯ ឡុង អាឆើត ក៏ពិបាកដែរ ព្រោះគេខ្ពស់ និងធំជាង។ លុយនេះ ខ្ញុំនឹងយកទៅជួយគ្រួសារខ្លះ ព្រោះឪពុកម្ដាយខ្ញុំគាត់អត់សូវធូរធារដែរ»។
កូនសិស្សគ្រូ ធន់ សុភា រូបនេះ បានចាត់ទុកជើងឯក ម៉ារ៉ាតុន លើកដំបូងក្នុងអាជីពមួយនេះ ជាជោគជ័យដ៏ធំ និងជាកម្លាំងបន្ថែម ដើម្បីបន្តពង្រឹងសមត្ថភាព ឆ្ពោះទៅសាងប្រជាប្រិយភាពឲ្យកាន់ល្បីល្បាញ ដើម្បីសម្រេចក្ដីស្រមៃលើវិថីគុនខ្មែររបស់ខ្លួន។
សូមបញ្ជាក់ថា ធន់ វិស្ណុ បានក្លាយជើងឯក ម៉ារ៉ាតុន ទម្ងន់៤៨គីឡូក្រាម និងប្រាក់រង្វាន់២លាន៦សែនរៀល កម្មវិធី”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ក្រោយទម្លាក់ ប៊ន ពន្លិក នៅជុំដំបូង និងយកឈ្នះពិន្ទុ ឡុង អាឆើត នាវគ្គផ្ដាច់ព្រ័ត្រ។ លើសង្វៀនតែមួយគូមិត្តភាព អេលីត ឡុងឡី ឈ្នះពិន្ទុ ពេជ្រ ម្ចេសខ្មាំង ខណៈ អេលីត ចំរើន បន្តយកឈ្នះ ឈុត សេរីវ៉ាន់ថង ជាលើកទី២៕
អត្ថបទ និងរូបភាព៖ នូ ពៅ