ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥

ជីវិតតស៊ូរបស់កុមារី ថា ស្រីណុច លើវិថីសិល្បៈធ្វើឱ្យសប្បុរសជននានា រំជួលអារម្មណ៍ព្យាយាមជួយ និងផ្ដល់កម្លាំងចិត្ត !   

១៣ តុលា ២០២២ | កម្សាន្ដ

 

 

ស្របពេលដែលកុមារី ថា ស្រីណុច បង្ហាញពីប្រវត្តិដ៏កំសត់របស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការប្រលងកម្មវិធីចម្រៀងមួយមក បានធ្វើឱ្យសប្បុរសជនជាច្រើនមានការអាណិតអាសូរ រហូតបានផ្តល់ជាថវិការ និងសំភារៈផ្សេងៗសម្រាប់ជួយសម្រួលដល់ជីវភាពនាង។ជាក់ស្តែង កាលពីថ្ងៃទី ១២ ខែ តុលា នេះ លោកស្រី សុខ រស្មី ដែលជាថៅកែហាង ស៊ីប៊ែលប៉ារីស  បានផ្តល់ថវិការ និងសំភារៈ មួយចំនួនសម្រាប់នាងទុកធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ 

 


លោកស្រី បានបង្ហាញនូវអារម្មណ៍ថាពិតជាអាណិតក្មួយស្រីរូបនេះជាខ្លាំងណាស់បន្ទាប់ពីឃើញប្រវត្តិដ៏កំសត់របស់នាង។ លោកស្រីបានផ្តល់ជាថវិការចំនួន ៨០ ម៉ឺនរៀល គ្រឿងឧបភោគបរិភោគ និងសំភារៈសិក្សាជាច្រើនសម្រាប់នាង និងគ្រួសារ ។ ការជួយនេះគឺដោយក្តីអាណិតអាសូរនិងសូមឱ្យក្មួយស្រីខំប្រឹងប្រែងតស៊ូ ក្នុងជីវិតជាបន្តទៀតកុំបោះបង់ចោលការសិក្សា ។   

 


នេះមិនមែនជាលើកទី ១ នោះទេដែលលោកស្រី សុខ រស្មី តែងតែធ្វើសកម្មភាពសប្បុរសធម៌ដល់អ្នកដែលខ្វះខាត ជាក់ស្តែងកន្លងមកលោកស្រីធ្លាប់ទៅចែកអំណោយដល់អ្នកខ្វះខាតជាច្រើននៅតាមទីក្រុង និងតាមបណ្តាខេត្តនានា ទៅតាមលទ្ធភាពដែលខ្លួនមាន លោកស្រីបានបន្ថែមទៀតថា ទោះបីជាលោកស្រីមិនមែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម តែលោកស្រីព្យាយាមជួយអ្នកខ្វះខាតទៅតាមលទ្ធភាពដែលខ្លួនមាន ពីព្រោះនៅពេលបានធ្វើបុណ្យបែបនេះ លោកស្រីមានអារម្មណ៍សប្បាយចិត្ត ។ 

 


សម្រាប់កុមារី ថា ស្រីណុច វិញ នៅពេលឃើញទឹកចិត្តដ៏ល្អរបស់លោកស្រី សុខ រស្មី ចំពោះខ្លួន នាងបាននិយាយដោយសម្តីមួយៗលាយឡំនឹងទឹកភ្នែកថា « ខ្ញុំសូមថ្លៃអំណរគុណដល់អ្នកមីង សុខ រស្មី ដែលបានជួយជាថវិការនិងសំភារៈសិក្សាដល់នាងខ្ញុំ ទឹកចិត្តដ៏ល្អរបស់អ្នកមីង ខ្ញុំនឹងចង់ចាំទុក ជូនពរមីងជោគការងាររកស៊ី » ។ 
កុមារី ថា ស្រីណុច បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍បន្ទាប់ពីបរាបជ័យក្នុងការប្រកួតចម្រៀងមួយ ក្រោយមកនាងក៏បានបង្ហាញពីប្រវត្តិកំសត់ខ្លះៗរបស់ខ្លួនរហូតធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ។

 

 

កុមារី ថា ស្រីណុច គឺជាកូនទី ២ ក្នុងគ្រួសារក្រីក្រមួយនៅខេត្ត រតនៈគីរី បច្ចុប្បន្ននាងជាសិស្សថ្នាក់ទី ៩ នៅទីនោះ រាល់ពេលទំនេរពីការសិក្សា នាងតែងតែជួយការងារឪពុកម្តាយដែលមានជីវភាពខ្វះខាត ដោយទៅស៊ីឈ្នួលលាងចាន បោកខោអាវ រើសអាចម៌គោ និង រើសគ្រាប់ស្វាយចន្ទី លក់ យកប្រាក់មកជួយដល់គ្រួសារ ដែលឪពុករបស់នាងពិការ មិនមានកម្លាំងទៅប្រកបការងារអ្វី ក្រៅពីរកត្រីលក់ចិញ្ចឹមគ្រួសារនោះទេ ។ ទោះបីជីវិតជួបនូវការលំបាកយ៉ាងណាក្តី កុមារី ថា ស្រីណុច បេ្តជ្ញាចិត្តមិនបោះបង់ការសិក្សាចោលឡើយ នាងនឹងខិតខំបន្តការសិក្សារហូតដល់ចប់ថ្នាក់់វិទ្យាល័យ ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025