ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

តារាចម្រៀង Ed Sheeran នឹងត្រូវចូលតុលាការកាត់ទោសករណីរំលោភកម្មសិទ្ធិបញ្ញា

០៤ តុលា ២០២២ | កម្សាន្ដ

 

កំពូលតារាចម្រៀងអង់គ្លេស Ed Sheeran (អេដ ស្ហៀរេន) ត្រូវបានតុលាការបង្គាប់ឲ្យចូលខ្លួនដើម្បីកាត់ក្ដីករណីកម្មសិទ្ធិបញ្ញាជាប់ទាក់ទងនឹងបទចម្រៀង "Thinking Out Loud" (សីងឃីង អោត ឡោត)។


តារាចម្រៀង និងអ្នកនិពន្ធចម្រៀងសញ្ជាតិអង់គ្លេស Ed Sheeran (អេដ ស្ហៀរេន) ត្រូវប្រឈមមុខនឹងការកាត់ទោសក្នុងរឿងក្ដីមួយ ដែលបានចោទប្រកាន់ថាបទចម្រៀងរបស់លោក បានលួចចម្លងពីបទចម្រៀងមួយ។

 

 

ពាក្យបណ្ដឹងរបស់ក្រុមហ៊ុនវិនិយោគ Structured Asset Sales (ស្ទ្រាក់ឈើ អាសេត សេល) បានចោទប្រកាន់ថាបទចម្រៀង "Thinking Out Loud" (សីងឃីង អោត ឡោត) របស់ Ed Sheeran (អេដ ស្ហៀរេន) ចេញផ្សាយឆ្នាំ២០១៤ បានលួចចម្លងតាមបទ "Let's Get It On" (ឡេតស៍ ហ្គិត អីត អន) របស់តារាចម្រៀង Marvin Gaye (ម៉ាវីន ហ្គេ) ដែលចេញផ្សាយនាឆ្នាំ ១៩៧៣។

 

 

ចៅក្រមរដ្ឋ Manhattan (មេនហាថេន) សហរដ្ឋអាមេរិក បានបដិសេធសំណើររបស់ Ed Sheeran ក្នុងការច្រានចោលបណ្តឹងរំលោភកម្មសិទ្ធិបញ្ញានេះ។ សេចក្ដីបង្គាប់របស់ចៅក្រម បានសម្រេចទៀតថាគណៈវិនិច្ឆ័យត្រូវតែសម្រេចចិត្តថាក្រុមហ៊ុន Structured Asset Sales (ស្ទ្រាក់ឈើ អាសេត សេល) អាចទទួលបានប្រាក់សំណងពីចំណូលដែលបានពីការប្រគំតន្ត្រីបទ "Thinking Out Loud" (សីងឃីង អោត ឡោត) ឬអត់ ដោយនេះគឺជាការច្រានចោលការតវ៉ារបស់ Ed Sheeran ដែលថាការលក់សំបុត្រប្រគំតន្ត្រីគឺមិនជាប់ពាក់ព័ន្ធនឹងការរំលោភកម្មសិទ្ធិបញ្ញាឡើយ។

 

 

តាមការចុះផ្សាយរបស់ស្ថាប័ន Pollstar (ផូលស្តារ) ការប្រគំតន្ត្រីឆ្នាំ២០១៤ និងឆ្នាំ២០១៥ របស់ Ed Sheeran (អេដ ស្ហៀរេន) អាចស្វែងរកប្រាក់ចំណូលបានសរុប ១៥០លានដុល្លារ។ បទចម្រៀង "Thinking Out Loud" (សីងឃីង អោត ឡោត) បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតត្រឹមលេខពីរលើតារាងចម្រៀង Billboard Hot 100 (ប៊ីល ប៊ត ហ៊ត វ័នហាន់ដ្រេត) នៅខែកុម្ភៈ ឆ្នាំ២០១៥ ខណៈបទ "Let's Get It On" (ឡេតស៍ ហ្គិត អីត អន) ជាប់ចំណាត់ថ្នាក់លេខមួយ នៅខែកញ្ញា ឆ្នាំ១៩៧៣៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024