ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
នាវាផ្ទុកយន្តហោះចម្បាំងរបស់យោធាជើងទឹកអាមេរិក USS Ronald Reagan បានទៅដល់កំពង់ផែទីក្រុងប៊ូសាន(Busan) ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ (២៣កញ្ញា)នេះ ដើម្បីចូលរួមជាមួយនាវារបស់ប្រទេសកូរ៉េខាងត្បូង ជាការបង្ហាញកម្លាំងយោធាមួយដែលក្រុមមន្ត្រីនិយាយថា ជាការបញ្ជូនសារទៅកាន់ប្រទេស កូរ៉េខាងជើង។
លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានជម្រុញឱ្យមានសមយុទ្ធយោធាច្រើន និងការដាក់បង្ហាញកម្លាំងយោធា ជាការព្រមានដល់ប្រទេស កូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើងនៅដើមឆ្នាំនេះ បានសាកល្បងបាញ់មីស៊ីលច្រើនបំផុតមិនធ្លាប់មាននាពេលកន្លងមក បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនត្រូវបរាជ័យមិនអាច បញ្ចុះបញ្ចូលឱ្យប្រទេសតំបន់អាស៊ីមួយនេះបោះបង់អាវុធនុយក្លេអ៊េរ និងការអភិវឌ្ឍន៍អាវុធមីស៊ីលបាន។
នាវាផ្ទុកយន្តហោះចម្បាំងយោធាជើងទឹកអាមេរិក មិនបានមកកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយសារនៅកាលណោះ មិនមានការបង្ហាញកម្លាំងយោធា ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតវិញជាមួយប្រទេសកូរ៉េខាងជើង ប៉ុន្តែកិច្ចពិភាក្សាទាំងឡាយ ត្រូវជាប់គាំង។ ចំណែករដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅខែនេះ បានបង្ហាញច្បាប់ថ្មីដែលអនុញាតិអោយកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រសិនបើចាំបាច់។
ប្រែសម្រួល៖ណាវ័ន្ត