ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២

ការបោះផ្សាយមូលបត្ររដ្ឋលើកទី ២ ពុំមានការដេញថ្លៃជោគជ័យ

២២ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

នៅក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋ លើកទី ២ ដែលមានទំហំប្រមាណ ២០០ពាន់លានរៀល ឬស្មើនឹង ៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី ២១ ខែកញ្ញានេះ គឺពុំមានគ្រឹះស្ថានណាមួយ ដេញថ្លៃបានជោគជ័យនោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។​បើតាម សេចក្តីប្រកាសដដែល បានបញ្ជាក់ថា នៅក្នុងការដេញថ្លៃលើកទី ២នេះ គឹមានគ្រឹះស្ថានចូលរួមប្រមាណជាង ៦ស្ថាប័ន ដែលបរិមាណចូលរួមដេញថ្លៃសរុបស្មើនឹង ៣៨,៨០០ឯកតា តែពុំមានការដេញថ្លៃបានជោគជ័យនោះឡើយ។

 


អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានពន្យល់ប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន ឱ្យដឹងថា បើពិនិត្យតាមលទ្ធផលនៃការបោះផ្សាយលក់មូលបត្ររដ្ឋលើកទី ២ ដែលមិនមានការដេញថ្លៃជោគជ័យ គឺអាចអាស្រ័យទៅលើ កត្តា ២យ៉ាង ដោយកត្តាទី ១ បរិមាណចូលរួមដេញថ្លៃ នៅមិនទាន់គ្រប់គ្រាន់ តាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយចំពោះកត្តា ទី២ គឺអ្នកដេញថ្លៃ ដាក់អត្រាចំណូលខ្ពស់លើសពី ការអាចផ្តល់ឱ្យបានរបស់រាជរដ្ឋាភិបាលកម្ពុជា។

 


ទាក់ទងនឹងការបោះផ្សាយលក់មូលបត្ររដ្ឋនេះដែរ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ធ្លាប់បានលើកឡើងថា មូលបត្ររដ្ឋ ត្រូវបានបោះផ្សាយឡើង ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល រួមចំណែកដល់ការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាព និងចាំបាច់នានា។

 


លោកជំទាវ បន្តថា ក្នុងដំណាក់កាលដំបូង ទំហំនៃការបោះផ្សាយមូលបត្ររដ្ឋ នៅមានទំហំតូច ប៉ុន្តែទំហំនៃការបោះផ្សាយមូលបត្ររដ្ឋកាន់តែច្រើន មូលបត្ររដ្ឋ នឹងក្លាយជាឧបករណ៍នយោបាយរូបិយវត្ថុយ៉ាងសំខាន់ សម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ។

 


សូមបញ្ជាក់ថា មូលបត្ររដ្ឋ គឺបោះផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា មានកម្រិតហានិភ័យទាប អត្រាគូប៉ុង និងអត្រាចំណូលទាប តែមានសន្ទនីយភាពខ្ពស់ ដែលហាក់បីជាផ្ទុយពី មូលបត្រសាជីវកម្ម ដែលបោះផ្សាយដោយក្រុមហ៊ុន ឬសាជីវកម្មឯកជន មានកម្រិតហានិភ័យខ្ពស់ អត្រាគូប៉ុង និងអត្រាចំណូលខ្ពស់ ដោយមានសន្ទនីយភាពទាប ពោលគឺពិបាកចរាចរទិញ-លក់ក្នុងទីផ្សារ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.