ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
តារារ៉េប Lil Nas X (លីល ណាស់ អិច) បានក្លាយជាបុគ្គលល្បីឈ្មោះបន្ទាប់ ដែលមានរូបសំណាកក្រមួនផ្ទាល់ខ្លួននៅសារមន្ទីរ Madame Tussauds (ម៉ាដាម ទូសោត) បន្ទាប់ពីសាងបានស្នាដៃធំៗជាច្រើន។
សារមន្ទីរមនុស្សក្រមួន Madame Tussauds (ម៉ាដាម ទូសោត) នៅតំបន់ហូលីវូដ បានបង្ហាញចេញរូបសំណាកដំបូងរបស់តារារ៉េប Lil Nas X (លីល ណាស់ អិច) ដោយការបង្ហាញចេញនេះមានការចូលរួមពីតារារ៉េបវ័យ ២៣ឆ្នាំនេះផ្ទាល់។
Lil Nas X (លីល ណាស់ អិច) បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងនៅពេលដែលបានឃើញរូបសំណាកក្រមួនរបស់ខ្លួន ដែលមើលទៅប្រៀបដូចជាមនុស្សពិត។ តារារ៉េបនេះបានលើកឡើងថា ៖ "ខ្ញុំដឹងថារូបសំណាកក្រមួននេះនឹងល្អ ប៉ុន្តែជាក់ស្ដែងវាពិតជាអស្ចារ្យខ្លាំង។"
រូបសំណាកនេះត្រូវបានធ្វើឡើងដោយយកលំនាំតាមរូបភាពនៅពេលដែល Lil Nas X (លីល ណាស់ អិច) ស្លៀកឈុតអាវពណ៌មាស នៅពេលដែលចូលរួមក្នុងកម្មវិធី MET Gala (ម៉េត ហ្គាឡា) កាលពីឆ្នាំ២០២១ នៅឯទីក្រុងញូវយ៉ក។
ត្បិតថាមានវ័យក្មេង ប៉ុន្តែតារារ៉េប Lil Nas X (លីល ណាស់ អិច) អាចសាងបានស្នាដៃធំៗជាច្រើន រួមមានការបំបែកកំណត់ត្រាតារាង Billboard (ប៊ីលប៊ត) កាលពីឆ្នាំ២០១៩ ជាមួយបទ "Old Town Road" (អូល ថោន រ៉ូដ) ដោយបានក្លាយជាបទចម្រៀងចង្វាក់ហីបហប់ ដែលជាប់លេខមួយយូរជាងគេ ដែលអាចយកឈ្នះកំណត់ត្រារបស់តារារ៉េប Drake (ដ្រ៊េក)៕
ប្រែសម្រួល៖ វ៉ាន់ថន