ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២

ថៃ បន្តរំពឹងខ្ពស់លើ វិស័យទេសចរណ៍ដែលរងគ្រោះដោយវិបត្តិកូវីដ១៩

២១ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា ការមកដល់នៃភ្ញៀវទេសចរបរទេស នឹងមានចាប់ពី ៨លានទៅ ១០លាននាក់ នៅឆ្នាំ២០២២នេះ ក្រោយការបើកប្រទេសឡើងវិញ ដើម្បីទទួលអ្នកដំណើរបរទេស។


លើសពីនេះ សម្រាប់ឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចថៃ រំពឹងសម្រេចបានពី ៣% ទៅ ៣,៥% ដែលត្រូវបានព្យាករណ៍ដោយភ្នាក់ងាររដ្ឋ ត្រូវបានចាត់ទុកថា ជាការស្ទុះងើបឡើងវិញយ៉ាងច្បាស់លាស់ រុញច្រានដោយ វិស័យទេសចរណ៍ និងការនាំចេញ ខណៈការនាំចេញសរុបរបស់ថៃ ត្រូវបានព្យាករថា នឹងកើនឡើង ១០% នៅឆ្នាំ ២០២២នេះ។


អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានលើកឡើងពីការព្យាករថា ក្នុងសេណារីយ៉ូល្អបំផុត ប្រទេសថៃ អាចរកចំណូលបានរហូតដល់ ៦៤ពាន់លានដុល្លារអាមេរិកពី វិស័យទេសចរណ៍ ក្នុងឆ្នាំ ២០២៣ ដោយរាជរដ្ឋាភិបាល សង្ឃឹមថា វិស័យនេះ នឹងបន្តតួនាទីសំខាន់របស់ខ្លួន នៅក្នុងសេដ្ឋកិច្ចថៃ នៅឆ្នាំ ២០២៣។

 


រម្លឹកបន្តិចថា ក្នុងឆ្នាំ ២០១៩ វិស័យទេសចរណ៍ថៃ បានស្វាគមន៍ភ្ញៀវទេសចរជិត ៤០លាននាក់ ហើយការចំណាយរបស់អ្នកដំណើរបរទេស មានចំនួនស្មើនឹង ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ។វិស័យទេសចរណ៍ទទួលបាន ៩១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះ ៦០ពាន់លានដុល្លារអាមេរិក បានមកពីការចំណាយរបស់ភ្ញៀវបរទេស។

 


ចំនួនអ្នកទេសចរបរទេស បានធ្លាក់ចុះមកត្រឹម ៦លាន ៧សែននាក់ក្នុងឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើង មុនពេលបន្តធ្លាក់ចុះដល់ប្រហែល ៤សែននាក់នៅឆ្នាំ ២០២១ ហើយការធ្លាក់ចុះយ៉ាងខ្លាំង បាននាំឱ្យប្រាក់ចំណូលរបស់ថៃពី ភ្ញៀវទេសចរបរទេស ធ្លាក់ចុះមកនៅប្រហែល ១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១។

 


ទោះយ៉ាងណា រដ្ឋថៃ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមកម្លាំង ដើម្បីជម្រុញកំណើនភ្ញៀវទេសចរ ហើយរាជរដ្ឋាភិបាល ស្វាគមន៍ការកែសម្រួលផែនការអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនៃចំនួនភ្ញៀវទេសចរ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.