ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

ត្រីដូហ្វីន​រាប់​សិប​ក្បាល​​បង្ហាញ​ខ្លួន​ដោយ​លោត​លេង​នៅ​លើ​ផ្ទៃ​ទឹក​​ជិត​ឆ្នេរ​សមុទ្រនៅ​​ប្រទេស​ឈីលី​

សត្វផ្សោតសមុទ្រ ​ឬ​ត្រី​ដូហ្វីន​រាប់សិបក្បាល​បាន​បង្ហាញខ្លួន​​ដោយ​លោត​លេង​នៅ​លើ​ផ្ទៃ​ទឹក​យ៉ាង​សប្បាយរីក​រាយ​​​នៅជិត​​ឆ្នេរ​សមុទ្រ​វ៉ាល់​ផារ៉ៃ​សូ​ (Valparaiso) នៅ​​ប្រទេស​ឈីលី​កាល​ពីពេល​ថ្មីៗ​នេះ​​ដោយ​​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មូលដ្ឋាន​ ​និង​អ្នក​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ទី​នោះ​បាន​គយ​គន់ទិដ្ឋ​ភាពដ៏​កម្រ​នេះ​​​។

 

 

ប្រជា​ពល​រដ្ឋ​និង​សាក្សីដែលបានឃើញទិដ្ឋ​ភាព​នេះ​បាននិយាយថា ក្រុមសត្វ​ផ្សោតទាំង​​នេះ​ត្រូវបាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សត្វផ្សោតមាន​ចំនួន​ចន្លោះពី​ ៥០ ទៅ ១០០​ ក្បាល​​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ស្រុក​ និងភ្ញៀវ​ទេសចរយ៉ាងច្រើន​នៅកំពង់ផែ​វ៉ាល់​ផារ៉ៃ​សូ​ (Valparaiso) នៅ​ប្រទេស​ឈីលី​។
រូប​ភាព​វីដេអូ​របស់​​ទូរទស្សន៍​ក្នុង​ស្រុក​​បាន​បង្ហាញ​ពី​​សត្វ​ផ្សោតពណ៌​​ប្រផេះ​មួយហ្វូងធំ​​កំពុង​​ហែល​ទឹក​លេង​​យ៉ាង​សប្បាយ​នៅ​ក្បែរ​ឈូង​សមុទ្រ Valparaiso កាល​ពីពេល​ថ្មីៗ​នេះ​។

 


ភ្ញៀវ​ទេស​ចរ​ម្នាក់​និយាយ​ថា រំពេចនោះ ​ពួកគេ​បាន​ចាប់ផ្តើមឃើញ​អ្វី​ម្យ៉ាង​ដែល​​មើលទៅដូចជា​សត្វផ្សោត​អ៊ីចឹង​ដែល​ពួកវា​កំពុងលោត​លេង​ ហើយមនុស្សម្នា​ក៏ចាប់ផ្តើមមើល​ទិដ្ឋ​ភាព​នេះ​តែ​ម្ដង​ ហើយ​គាត់​មិនអាចថតបានឡើយ​ដោយ​សារ​ទូរស័ព្ទដៃរបស់គាត់​មិនអស់​ថ្ម​​។

 

 

 

 

 


ពលរដ្ឋ​ម្នាក់​ទៀត​និយាយ​ថា ពួកគេ​កំពុងតែ​បណ្ដើរ​សត្វ​ឆ្កែ​ ហើយភ្លាមៗនោះ​សត្វផ្សោត​ក៏​បានបង្ហាញ​ខ្លួន​ចេញ​ពី​ទីនោះ​តែ​ម្ដង​។ វាមានច្រើនណាស់។ ដំបូង​ឡើយ​​ពួកគេ​គិតថា ទិដ្ឋ​ភាព​នោះ​គឺ​ជា​ហ្វូង​មនុស្ស​ហែល​ទឹក​លេង​តែ​ប៉ុណ្ណោះ​​ប៉ុន្តែ​តាម​ពិត​គឺ​ជា​ហ្វូង​ត្រី​ផ្សោត​ទៅ​វិញ​។​

 


សត្វ​ផ្សោតប្រផេះ​ដែលត្រូវបានគេស្គាល់ថា​ជាត្រីផ្សោត Risso ផង​ដែរ​នោះ​គឺជាប្រភេទសត្វ​ផ្សោតដែល​បង្ក​កំណើត​នៅ​ក្នុង​ពោះ​និង​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​និង​ចូល​ចិត្ត​រស់​នៅ​ក្នុង​ទឹក​ដែល​មាន​សីតុណ្ហ​ភាព​ក្តៅ​ល្មម​ភាគ​ច្រើន​នៅ​មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក៕​

 

 

 

 

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន​

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025