ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បាត់មុខជិត ៣ឆ្នាំពីសិល្បៈការពិត ម៉េង ប៊ុនឡូ សំងំធ្វើការងារធំនៅផលិតកម្មធំមួយនៅ កម្ពុជា ! 

០៩ សីហា ២០២២ | កម្សាន្ដ

 

តាមពិតតារាសម្តែងល្បីឈ្មោះលោក ម៉េង ប៊ុនឡូ មិនបានបាត់មុខទៅណាឆ្ងាយពីពិភពសិល្បៈទេ ដោយលោកបានវិឌ្ឍន៍ខ្លួនមកជំនាញថ្មីមួយទៀតនៅក្នុងផលិតកម្មថ្មីមួយ ក្រោយពីបាត់មុខពីសិល្បៈជាង ៣ឆ្នាំ។ 

 

ទស្សនិកជនជាច្រើនគិតថាតារាសម្តែងលោក ម៉េង ប៊ុនឡូ បានឈប់ពីសិល្បៈនិងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលលែងខ្វល់ពីសិល្បៈទៀតហើយ។ តែទោះជាយ៉ាងនេះក្តីជួបជាមួយតារារូបនេះ កាលពីពេលថ្មីៗ លោកនៅតែអះអាងថា នៅតែបន្តអាជីពសិល្បៈដូចមុន គ្រាន់តែពេលនេះលោកមិនទទួលការងារសម្តែងទេ ដោយលោកធ្វើជាអ្នករៀបចំភ្លេង ផលិតបទចម្រៀង អ្នកដឹកនាំ សម្តែងនិងធ្វើការងារជាច្រើនទៀតនៅក្នុងផលិតកម្ម ដាវីត្រា ។


លោកធ្លាប់ជាតារាសម្តែងល្បីឈ្មោះមួយរូបជំនាន់ជាមួយតារាសម្តែងល្បីៗជាច្រើនរូប កាលពីជិត ១០ ឆ្នាំមុន តែដោយសារអាយុកាន់តែច្រើន កម្លាំងក៏មិនសូវរឹងមាំដូចមុន លោកក៏មិនទទួលថតរឿងច្រើនដូចមុនដែរ ជាក់ស្តែងតាំងពីផ្ទុះជំងឺកូវីដ១៩ កាលពីអំឡុងជាង ២ ឆ្នាំមុន លោកគ្មានស្នាដៃថ្មីបង្ហាញទស្សនិកជនឡើយ ។ 

 


ជួបជាមួយលោក ម៉េង ប៊ុនឡូ កាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា តារាសម្តែងរូបនេះមានរូបរាងចាស់ទុំជាងមុនច្រើន ហើយក៏មិនសូវលេងសើចដូចមុនដែរ លោកបានបញ្ជាក់ពីការងារបច្ចុប្បន្នរបស់ខ្លួនថា លោកកំពុងធ្វើការងារនៅក្នុងផលិតកម្ម ដាវីត្រា នៅទីនោះលោកមានការងារជាច្រើនត្រូវធ្វើ ហើយការងារនេះមានលក្ខណៈខុសប្លែកពីការងារដែលលោកធ្លាប់ធ្វើនាពេលកន្លងមក។

 


ឌីយោដ៏ធំរបស់ផលិតកម្ម ដាវីត្រា គឺស្ថិតនៅតំបន់កម្សាន្ត កោះស្លាកែតស្ទូឌីយោ តែម្តង នៅទីនេះយើងចាប់អារម្មណ៍ឃើញថា ក្នុងស្ទូឌីយោនេះមានឧបករណ៍ទំនើបៗជាច្រើន មើលទៅមិនចាញ់បរទេសឡើយ ក្នុងនោះក៏មានបញ្ចូលនូវឧបករណ៍តន្រ្តីបុរាជាច្រើនចូលផងដែរ ។

 

 

លោក ម៉េង ប៊ុនឡូ ថែមទាំងបញ្ជាក់ប្រាប់ថា នៅផលិតកម្ម ដាវីត្រា ត្រៀមនឹងបញ្ចេញនូវបទចម្រៀងថ្មីៗជាច្រើនទៀតនៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌខាងមុខក្នុងនោះក៏មានស្នាដៃរបស់លោកផងដែរ ដោយលោកសង្ឃឹមថា បទចម្រៀងទាំងនោះនឹងផ្ទុះមិនចាញ់បទចម្រៀង « អូនលែងប្តីហើយ » របស់អ្នកនាង ខាត់ សុខឃីម នោះទេ ។

 


នៅក្នុងផលិតកម្ម ដាវីត្រា មានតារាចម្រៀងល្បីៗថ្មីចាស់ជាច្រើនដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យចម្រៀង ហើយនៅក្នុងអំឡុងបុណ្យ ភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ផលិតកម្មនេះត្រៀមនឹងចេញបទចម្រៀងថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ៕  
 
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024