ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ ពង្រឹងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនឌីជីថល ជំរុញការអនុវត្តឌីជីថលនៅកម្ពុជា

០៥ កក្កដា ២០២២ | សេដ្ឋកិច្ច

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ហៅកាត់ថា e-KYC ព្រមទាំងមានការសម្ពោធដាក់ដំណើរការជាផ្លូវការនូវ កម្មវិធី CamDigiKey ជំនាន់ ២.០ ដើម្បីពង្រឹងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនឌីជីថល ដែលវានឹងជំរុញដល់ ការអនុវត្តឌីជីថលនៅកម្ពុជា។


ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈយោគយល់រវាងគ្នា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយតាមរយៈអនុស្សរណៈនេះ ភាគីទាំង ២ នឹងសហការគ្នា ដើម្បីពិនិត្យលទ្ធភាពប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ហៅថា CamDX ដែលជាថ្នាលចែករំលែកទិន្នន័យអត្តសញ្ញាណសាធារណជន សម្រាប់យកមកផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនជាឌីជីថល។


ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើតថ្នាលឌីជីថលគន្លឹំសំខាន់ៗ ដែលជាឃ្នាស់ សម្រាប់ជំរុញការធ្វើបរិវត្តកម្មឌីជីថល ដូចជា ការដាក់ឲ្យប្រើប្រាស់ Cambodia Data Exchange ឬ CamDX ជំរុញការប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល e-KYC ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងដាក់ដំណើរការនូវ កម្មវិធីទូរស័ព្ទ CamDigiKey ជំនាន់ ២.០ ដែលជាយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលនៃថ្នាល e-KYC ផងដែរ។ 

 


ឯកឧត្តមបណ្ឌិត បន្តថា ក្នុងក្របខណ្ឌនៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រទេសកម្ពុជា ត្រូវគិតគូររៀបចំនូវ ប្រព័ន្ធគ្រប់គ្រងគណនីឌីជីថលរួមមួយ ដែលជួយកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ ឬអតិថិជន មុននឹងអនុញ្ញាតឱ្យប្រើប្រាស់សេវាផ្សេងៗ ដែលក្នុងនោះអាចជា សេវាសាធារណៈ ឬសេវារបស់វិស័យឯកជន។

 


ជាមួយគ្នានេះ គណនី CamDigiKey នីមួយៗមានការផ្ទៀងផ្ទាត់ជាមួយទិន្នន័យអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ពោលគឺ CamDigiKey មានទិន្នន័យអត្តសញ្ញាណបុគ្គលដែលអាចជឿទុកចិត្តបាន ហើយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជា។លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធ e-KYC គឺជាផ្គូរផ្គងអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ជាមួយនឹង អត្តសញ្ញាណបណ្ណនៅក្រសួងមហាផ្ទៃ ដែលអាចសបញ្ជាក់ពីភាពត្រឹមត្រូវ ច្បាស់លាស់។

 


សូមជម្រាបថា CamDigiKey គឺជាកម្មវិធីទូរស័ព្ទដែលបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍គាំទ្រដ៏ងាយស្រួលមួយដែលមានសុវត្ថិភាព ត្រូវបានប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណតាមឌីជីថល ហើយអ្នកប្រើប្រាស់ អាចចូលប្រើប្រាស់សេវាឯកជន និងសេវារាជរដ្ឋាភិបាលកម្ពុជាណាមួយ ដូចជា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាដើម៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ និន សុខលី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024