ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ទំហំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា រំពឹងកើនដល់ ១,៧ពាន់លានដុល្លារនៅឆ្នាំ ២០២៥

០៤ កក្កដា ២០២២ | សេដ្ឋកិច្ច

 

ក្រសួងពាណិជ្ជកម្មកម្ពុជា បានព្យាករថា តម្លៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា នឹងបន្តកើនឡើង ដែលមានតម្លៃ ១ពាន់ ១រយលានដុល្លារអាមេរិកនៅឆ្នាំ ២០២២នេះ និងឈានដល់ ១,៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ នេះបើយោងតាម ព្រឹត្តិបត្តិពាណិជ្ជកម្មនៃ ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសម្រាប់ខែមិថុនា ឆ្នាំ ២០២២នេះ។

 

ប្រភពដដែលបានគូសបញ្ជាក់ថា តម្លៃទីផ្សារសរុបនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ក្នុងឆ្នាំ ២០២១ មានចំនួន ៩៧០លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀបនឹងឆ្នាំ ២០២០។


ប្រាក់ចំណូលរបស់ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ភាគច្រើនបានមកពីការលក់សម្លៀកបំពាក់ ២៦៣ លានដុល្លារអាមេរិក គ្រឿងអេឡិចត្រូនិច ២៥៤លានដុល្លារអាមេរិក គ្រឿងសម្អាង ផលិតផលសុខភាព និងសម្ភារៈប្រើប្រាស់ ២៣០លានដុល្លារអាមេរិក។


លើសពីនេះ ភេសជ្ជៈ ម្ហូបអាហារ គ្រឿងសង្ហារឹម ប្រព័ន្ធផ្សព្វផ្សាយ សម្ភារៈក្មេងលេង សម្ភារៈកម្សាន្ត និងសម្ភារៈកែច្នៃផ្សេងៗទៀត មានចំណូលគិតជាទឹកប្រាក់ប្រមាណ ២២០លានដុល្លារអាមេរិក។


ដោយឡែក ក្នុងនោះប្រហែល ៥៥% នៃប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានធ្វើឡើងតាមរយៈ ប្រព័ន្ធអ៊ីនធឺណិតនៅលើកុំព្យូទ័រ ក្រៅពីនោះ គឺធ្វើឡើងនៅលើថេប្លេត ឬទូរស័ព្ទឆ្លាត។

 


របាយការណ៍ខាងលើនេះ បង្ហាញទៀតថា ដើម្បីគ្រប់គ្រងការរីកចម្រើននៃ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការអភិវឌ្ឍន៍វិស័យនេះ ឱ្យទទួលបានទំនុកចិត្តកាន់តែច្រើនពី អ្នកវិនិយោគជាតិ និងអន្តរជាតិ រួមទាំងអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ដែលបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២០។

.


ច្បាប់នេះ បម្រើជាមូលដ្ឋានច្បាប់ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍនៃពាណិជ្ជកម្មអេឡិចត្រូនិក ជាពិសេសដើម្បីការពារផលប្រយោជន៍ និងផ្តល់ទំនុកចិត្តដល់សាធារណជន ក្នុងការប្រើប្រាស់ទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេសមកកម្ពុជា។

 


សូមជម្រាបថា ក្នុងឆ្នាំ ២០២១ ប្រជាជនកម្ពុជា ១៣លាន ៣សែននាក់ អាចតភ្ជាប់ និងប្រើប្រាស់សេវាកម្មអ៊ីនធឺណិត ទូរស័ព្ទចល័តចំនួន ២២លានគ្រឿង ត្រូវបានប្រើប្រាស់នៅកម្ពុជា និងប្រជាជន ១២លាននាក់ ដែលប្រើប្រាស់បណ្តាញសង្គម៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024