ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទើបចប់ពីរឿងដាយណូស័រ ពេលនេះ Chris Pratt លេចមុខក្នុងរឿងថ្មីមួយទៀត

០១ កក្កដា ២០២២ | កម្សាន្ដ

 

តារាសម្ដែង Chris Pratt (គ្រីស ប្រ៊េត) បន្តបង្ហាញវត្តមានក្នុងខ្សែភាពយន្តភាគថ្មី ក្រោយពីទើបជួបអ្នកគាំទ្រតាមរយៈភាពយន្តដាយណូស័រវគ្គថ្មី ដែលទើបចាក់បញ្ចាំងកាលពីថ្មីៗកន្លងទៅ។ 


តារាសម្ដែងហូលីវូដ Chris Pratt (គ្រីស ប្រ៊េត) បាននាំយកស្នាដៃសៀវភៅរឿងលក់ដាច់បំផុត មកបង្ហាញលើប៉ុស្តិ៍ទូរទស្សន៍ តាមរយៈភាពយន្តភាគថ្មីមានចំណងជើងថា "The Terminal List" (ដឺ ធើមីណល លីស)។

 

 

ក្រៅពីសម្ដែងជាតួអង្គកងទ័ពជើងទឹកឈ្មោះថា James Reece (ជេមស៍ រីស) ហើយនោះ ភាពយន្តភាគនេះដែរគឺជាស្នាដៃរបស់ Chris Pratt (គ្រីស ប្រ៊េត) ដំបូងគេ ក្នុងនាមជាផលិតករមួយរូប។ ក្នុងភាពយន្តនេះតួអង្គ  James Reece (ជេមស៍ រីស) ព្យាយាមស្វែងរកមូលហេតុ ជុំវិញរឿងហេតុដែលអតីតកងអនុសេនាតូចរបស់គេរងការវាយឆ្មក់ក្នុងបេសកកម្មមួយ។ 

 


តារាសម្ដែងវ័យ ៤៣ឆ្នាំ រួមជាមួយដឹកនាំថត និងអ្នកបង្កើតភាពយន្តភាគនេះ បានលើកឡើងថាពួកគេបានជួលទាហានជើងចាស់ ដើម្បីឲ្យជួយដល់ក្រុមការងារនិពន្ធ និងក្រុមការងារផលិត ហើយទាហានជើងចាស់ក៏បានចូលរួមសម្ដែងក្នុងប្លង់មួយចំនួនផងដែរ ដើម្បីឲ្យភាពយន្តភាគនេះដូចការពិត។

 

 

តារាសម្ដែងស្រី Constance Wu (ខនស្ដេន អ៊ូ) ក៏បានចូលរួមសម្ដែងក្នុងភាពយន្តភាគនេះដែរ ដោយនាងដើរតួជាអ្នកឆ្លងឆ្លើយក្នុងសង្គ្រាម។ "The Terminal List" (ដឺ ធើមីណល លីស) មានចាក់ផ្សាយលើសេវាកម្ម Amazon Prime Video (អាម៉ាហ្សូន ប្រ៉ាម វីដេអូ) ចាប់ពីចុងសប្ដាហ៍នេះ ដោយមានសរុបចំនួន៨ភាគ។ 

 

 

បន្ទាប់ពីភាពយន្តភាគ "The Terminal List" (ដឺ ធើមីណល លីស) នេះ តារាសម្ដែង Chris Pratt (គ្រីស ប្រ៊េត) នឹងវិលត្រឡប់មកជួបអ្នកគាំទ្រលើផ្ទាំងសំពត់សម្ដងទៀត តាមរយៈភាពយន្ត "Thor: Love and Thunder" (ថរ ឡាវ អេន ថាន់ដឺ) ដែលត្រៀមចាក់បញ្ចាំងថ្ងៃទី៧ ខែកក្កដា៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024