ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រុមហ៊ុន Nestlé នឹងបង្កើតរោងចក្រផលិតផលិតផល Nestlé នៅកម្ពុជា សម្រាប់ចែកចាយក្នុងស្រុក និងនាំចេញ

២៣ មិថុនា ២០២២ | សេដ្ឋកិច្ច

 

ក្រុមហ៊ុន Nestlé ចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា ក្រោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់ផលិតផល Nestlé ក្នុងទីផ្សារកម្ពុជា មានការកើនឡើងគួរអោយគត់សម្គាល់ ហើយស្របពេលដែលថ្មីៗនេះ កម្ពុជា បានធ្វើវិសោធនកម្មច្បាប់សំខាន់ៗជាច្រើន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព ដែលនឹងផ្តល់បាននូវទំនុកចិត្តដល់វិនិយោគិនបរទេស។

 


ស្របពេលដែលប្រទេសកម្ពុជា ទើបនឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ជាពិសេសកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការងារកសាងបទដ្ឋានគតិយុទ្ធ និងការធ្វើវិសោធនកម្មច្បាប់សំខាន់ៗជាច្រើន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព និងកាន់តែល្អប្រសើបន្ថែមទៀត ។ 

 


ជាក់ស្ដែងដូចជា៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវាកម្ម, ច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់, ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង, និងច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ ដែលច្បាប់ទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland នៅប្រទេសស្វីសកាលពីពេលថ្មីៗកន្លងទៅ។

 


ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុន សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីរួមគ្នាដោះស្រាយអំពីក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋលើបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុ អាហាររូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផលជាដើម ហើយក៏បានណែនាំឱ្យភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋាន ក.ប.ប. ពិនិត្យលទ្ធភាពក្នុងការរៀបចំជាអនុស្សានៈនៃការយោគយល់គ្នា (MOU) នាពេលខាងមុខផងដែរ។

 


តំណាងក្រុមហ៊ុន Nestlé Switzerland បានបង្ហាញពីការប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត ហើយនិងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ផងដែរ ដោយលោកបានមើលឃើញថា ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយដែលមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំគួរឱ្យកត់សម្គាល់ ដែលក្រុមហ៊ុនមានបំណងវិនិយោគបង្កើតរោងចក្រ នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024