ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
បន្ទាប់ពីបានសម្តែងរឿង «រសជាតិអ្នកមាន វគ្គ៣» តារាសម្តែងរូបស្រស់ មុន្នី ម៉ូនីតា ថា រឿងនេះបានផ្តល់បទពិសោធន៍សម្តែងថ្មីពុំធ្លាប់មានដល់រូបនាង ពិសេសលើកតម្កើង និងជំរុញឱ្យស្រី្តមានភាពក្លាហាង រឹងមាំ ។
ស្រីស្អាត មុន្នី ម៉ូនីតា អតីត Miss Grand Cambodia 2017 មកពីខេត្តមណ្ឌលគីរី ឆក់បានតំណែងតួអង្គដ៏សំខាន់មួយក្នុងរឿងភាគ «រសជាតិអ្នកមាន វគ្គ៣» ដែលជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់អ្នកស្រី ពាន់ ភួងបុបា្ជ។ ក្នុងរឿងភាគជាស៊េរីដ៏ល្បីល្បាញរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន មុន្នី ម៉ូនីតា សម្តែងជាតួអង្គ វិស្សនី ដែលមានម្តាយជាស្រី្តម៉េម៉ាយ ជាអ្នកលក់ចាប់ហួយនៅខេត្តមណ្ឌលគិរី។
អ្នកម្តាយ វិស្សនី ជាស្រ្តីមេម៉ាយម្នាក់ដែលតែងអប់រំប្រៀនប្រដៅកូនឱ្យក្លាយជាមនុស្សល្អ មានកិត្តិយសក្នុងសង្គម តែដោយសារសេចក្តីស្នេហាធ្វើឱ្យក្មេងស្រីម្នាក់នេះភ្លេចអស់រាល់ពាក្យពេជន៍ប្រៀនប្រដៅរបស់ម្តាយ រហូតផុងខ្លួនក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងស្នេហាភេទដូចគ្នា និងបន្តរសាត់អណ្តែតដល់ទីក្រុងភ្លើងពណ៌រហូតត្រូវជួបរៀបការជាមួយឧកញ៉ាមានទ្រព្យ។
តារាសម្តែងរាងខ្ពស់ស្រឡះ ម៉ូនីតា យល់ឃើញថា ខ្សែជីវិតតួអង្គ វិស្សនី មានបង្កប់អត្ថន័យអប់រំច្រើនដល់អ្នកទស្សនា ជាពិសេសគឺការលើកតម្កើងស្រ្តី និងជំរុញឱ្យស្រី្តមានភាពក្លាហាន រឹងមាំ មិនចុះចាញ់បញ្ហាចំពោះមុខ។ ម៉ូនីតា បន្តថា ពីមួយភាគទៅមួយភាគ រឹតតែថ្មីហើយប្លែក និងមានបង្កប់អត្ថន័យអប់រំកាន់តែច្រើនឡើង។ កុំថាតែអ្នកទស្សនាលើកញ្ចក់ទូរទស្សន៍ សូម្បីកញ្ញាដែលសម្តែងតួអង្គផ្ទាល់ក៏រៀនសូត្របទពិសោធន៍ជីវិតបានច្រើនក្រែលដូចគ្នាដែរ។
សម្តែងជាតួអង្គ វិស្សនី ក្នុងរឿង «រសជាតិអ្នកមាន វគ្គ៣» បានផ្តល់បទពិសោធន៍សម្តែងថ្មីពុំធ្លាប់មាន ខុសពីបណ្តាលរឿងកន្លងទៅដែលកញ្ញាធ្លាប់សម្តែង។ មុនរួមការងារសម្តែងរឿង «រសជាតិអ្នកមាន វគ្គ៣» ជាមួយអ្នកដឹកនាំរឿងជើងចាស់ ពាន់ ភួងបុបា្ជ តារាសម្តែងរូបស្រស់ មុន្នី ម៉ូនីតា ក៏មានភាពភ័យខ្លាចថាអាចរងការស្តីបន្ទោស តែរូបនាងបានប្រែក្លាយភាពភ័យខ្លាចទាំងនោះជាការជំរុញទឹកចិត្ត រហូតអាចសម្តែងរឿងបានល្អ និងចប់ទៅដោយរលូន។
រឿង «រសជាតិអ្នកមាន វគ្គ៣» កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់តទៅ។ ប្រសិនបើលោកអ្នកខកខានមិនបានទស្សនារឿងភាគខ្មែរលើកញ្ចក់ទូរទស្សន៍ភីអិនអិន លោកអ្នកអាចចូលទៅទស្សនារឿងបានដោយរីករាយលើ Channel YouTube PNN ដែលមានឈ្មោះថា PNN TV Official៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច