ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

CDC អនុម័តគម្រោងវិនិយោគថ្មី២ទីតាំងបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ៦លានដុល្លារ

២០ ឧសភា ២០២២ | សេដ្ឋកិច្ច

 

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ដូចខាងក្រោម៖


១. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD ដែលមានទីតាំងវិនិយោគ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០៩កន្លែង។


២. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងខារអំបោះ HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD. ដែលមានទីតាំងវិនិយោគ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង។

 


ការទាក់ទាញបាននូវក្រុមហ៊ុនវិនិយោគបន្ថែមនេះ ត្រូវបានឯកឧត្តម សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ដោយសារតែកម្ពុជាគឺជាប្រទេស ដែលមានកាលានុវត្តភាពច្រើនសម្រាប់ការវិនិយោគ  ហើយស្របពេល ដែលកម្ពុជាក៏ទើបបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មីដែលមានភាពទាក់ទាញ និងអំណោយផលសម្រាប់ការចូលមកបណ្តាក់ទុន រួមជាមួយនិងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាទាំងនេះហើយ ទើបកម្ពុជាអាចបើកដំណើរការប្រទេសពេញលេញ និងឈានដល់ការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។

 


គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៣ក្នុងខែឧសភានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន១២ទីតាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ ជាមួយនឹងឱកាសការងាររាប់ពាន់កន្លែងផងដែរ៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024