ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

រដ្ឋថៃ បន្តកំណត់ពិដានតម្លៃប្រេងម៉ាស៊ូតត្រឹម ៣២បាតក្នុងមួយលីត្រ

១៩ ឧសភា ២០២២ | សេដ្ឋកិច្ច

 

រាជរដ្ឋាភិបាលថៃ នឹងចំណាយប្រហែល ២បាតនៃការកាត់បន្ថយចំនួន ៥បាត ដើម្បីគាំទ្រដល់កម្មវិធីឧបត្ថម្ភធន ដែលអនុញ្ញាតឱ្យពួកគេរក្សាតម្លៃលក់រាយនៃប្រេងម៉ាស៊ូត នៅក្នុងប្រទេសថៃ។ ការកាត់បន្ថយតម្លៃ ៥បាតនេះ គ្រោងនឹងបន្តរហូតដល់ថ្ងៃទី ២០ ខែកក្កដា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃ ការកើនឡើងតម្លៃប្រេងពិភពលោក។


យ៉ាងណាមិញ ការកាត់បន្ថយពន្ធថ្មី ត្រូវបានអនុម័តដោយ គណៈរដ្ឋមន្ត្រីថៃ នៅក្នុងសប្តាហ៍ទី ៣ នៃខែឧសភានេះ ដែលពីពេលមុន ការកាត់បន្ថយចំនួន ៣បាតពីពន្ធលើប្រេងម៉ាស៊ូតក្នុងមួយលីត្រ នឹងបញ្ចប់នៅថ្ងៃទី ២០ ខែឧសភា។ ការកាត់បន្ថយ ៣បាតខាងលើនេះ ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១៨ ខែកុម្ភៈ មកម្ល៉េះ ដោយតម្លៃពន្ធជាក់ស្តែងគឺ ៦បាត ក្នុងមួយលីត្រ។


ជាមួយគ្នានេះ ការបែងចែក ២បាត ពីការកាត់បន្ថយពន្ធថ្មី នឹងសម្រាលបន្ទុកលើមូលនិធិប្រេងឥន្ធនៈ ដោយកាត់បន្ថយការឧបត្ថម្ភធន តម្លៃប្រេងម៉ាស៊ូត មកត្រឹម ៧បាតក្នុងមួយលីត្រ ធ្លាក់ចុះពី ៩បាតក្នុងមួយលីត្រនាពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃ ត្រូវការគ្រប់គ្រងដោយប្រុងប្រយ័ត្នបន្ថែមទៀត លើការចំណាយពីមូលនិធិដែលមានចំនួន ៧២ពាន់លានបាត ដែលកើនឡើងពី ៦៦ពាន់លានបាតក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍។

 


ជាចុងក្រោយ អាជ្ញាធរថាមពលថៃ រំពឹងថា តម្លៃប្រេងពិភពលោក នឹងនៅតែខ្ពស់រហូតដល់ដំណាច់ឆ្នាំនេះ ភាគច្រើនដោយសារតែឥទ្ធិពលអូសបន្លាយនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយ ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេង និងឧស្ម័នដ៏សំខាន់ អាចនឹងបន្ត ខណៈ តម្រូវការប្រេង ក៏ត្រូវបានរំពឹងថា នឹងកើនឡើងផងដែរ បន្ទាប់ពីការបន្ធូរបន្ថយវិធានការបិទខ្ទប់នៅក្នុងប្រទេសចិន ដែលនឹងជំរុញឱ្យតម្លៃប្រេងពិភពលោកកើនឡើង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024