ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ យឺតយ៉ាវដោយសារវិស័យទេសចរណ៍

១៣ ឧសភា ២០២២ | សេដ្ឋកិច្ច

 

លោក អាខុម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងថា វិស័យនាំចេញរបស់ថៃ មានភាពរឹងមាំ ប៉ុន្តែការស្ទុះងើបឡើងវិញនៃ វិស័យទេសចរណ៍នឹងមានបន្តិចម្តងៗ ដោយប្រទេសថៃ ទទួលបានភ្ញៀវទេសចរប្រមាណ ៧០ម៉ឺននាក់ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២២។


អាជ្ញាធរទេសចរណ៍ថៃ កំពុងកំណត់គោលដៅនៃការមកដល់របស់ភ្ញៀវបរទេសពី ៥លាន ទៅ ១៥លាននាក់នៅឆ្នាំ ២០២២នេះ ដោយពួកគេអាចនឹងចំណាយប្រាក់ចន្លោះពី ១៨ពាន់លានដុល្លារអាមេរិក ដល់ ៣៤ពាន់លានដុល្លារអាមេរិក។


ក្នុងឆ្នាំ ២០១៩ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរជិត ៤០លាននាក់ ដោយចំណាយប្រាក់ ៣៤ ពាន់លានដុល្លារ ដោយវិស័យទេសចរណ៍ មានចំនួនប្រហែល ១២% នៃផលិតផលក្នុងស្រុកសរុប។


លោក អាខុម បានមានប្រសាសន៍ថា ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញបានកើនឡើង ១៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ រាជរដ្ឋាភិបាលថៃ ចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការផ្តល់វិធានការត្រឹមត្រូវ សម្រាប់ការគាំទ្រការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

 


សូមរម្លឹកបន្តិចថា នាយករដ្ឋមន្ត្រីថៃ បានបង្ហាញថា វិស័យទេសចរណ៍ថៃ នឹងត្រូវបានស្តារឡើងវិញ ៥០% នៅឆ្នាំ ២០២៣ខាងមុខ ដោយថៃ អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០លាននាក់ ដែលស្មើនឹងពាក់កណ្តាលនៃកម្រិតមុនផ្ទុះកូវីដ១៩៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024