ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រធានាធិបតីសិរីលង្កាប្រកាសពីគម្រោងតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថ្មីនៅក្នុងសប្ដាហ៍នេះ

 ប្រធានាធិបតីសិរីលង្កា លោកហ្គោតាបាយ៉ា ថ្លែងថាលោកនឹងតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថ្មីនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីបងប្រុសរបស់លោកបានប្រកាសលាលែងពីតំណែងកាលពីប៉ុន្មានថ្ងៃមុន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានបាតុកម្មហិង្សាកើតឡើងទូទាំងប្រទេស ដើម្បីទាមទារឲ្យបងប្អូនរបស់លោកទាំង២នាក់ចុះចេញពីតំណែង។

 

 

 

 

បន្ទាប់ពីតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថ្មីរួច, លោកនឹងបញ្ជូនឈ្មោះបេក្ខជនទៅរដ្ឋសភាដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។ លោកមានគម្រោងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីធ្វើឲ្យរដ្ឋសភាមានសិទ្ធិអំណាកាន់តែទូលំទូលាយ។

 

ការថ្លែងបែបនេះបន្ទាប់ពីអគ្គទេសាភិបាលធនាគារជាតិបង្ហើបឲ្យដឹងពីគម្រោងលាឈប់ពីតំណែង បើប្រទេសជាតិគ្មានស្ថិរភាពនយោបាយដូចសព្វថ្ងៃ។ លោកហ្គោតាបាយ៉ាថ្លែងថាលោកត្រូវតែចាត់វិធានការអ្វីម៉្យាងដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្នឲ្យមានសណ្ដាប់ឡើងវិញ។ បើមិនដូច្នេះទេ ប្រទេសជាតិនឹងធ្លាក់ទៅក្នុងស្ថានភាពអនាធិបតេយ្យ។

 

ក្រុមអ្នកនយោបាយខ្លះយល់ថាវិបត្តិសេដ្ឋកិច្ច និងនយោបាយកើតមានដោយសារការដឹកនាំមិនបានល្អ និងគំនិតគ្រួសារនិយមរបស់លោកហ្គោតាបាយ៉ា។ ប្រទេសជាតិមានសាច់ប្រាក់បម្រុងត្រឹមតែហាសិបលានដុល្លារ មិនគ្រប់គ្រាន់សម្រាប់នាំចូលទំនិញសំខាន់ៗដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានទេ។

 

បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បារ និងហែបាតុកម្មអស់រយៈពេលជាច្រើនខែមកហើយ។ បាតុកម្មដែលប្រព្រឹត្តទៅដោយសន្តិវិធី បានប្រែក្លាយជាអំពើហិង្សាបន្ទាប់ពីមានពួកបាតុករ១ក្រុមទៀតដែលគាំទ្ររដ្ឋាភិបាល ជាអ្នកប្រព្រឹត្តអំពើហិង្សាមុន។

 

ឥឡូវនេះ ពួកបាតុករនៅតែបន្តដុតបំផ្លាញផ្ទះសម្បែង រថយន្ត និងទ្រព្យសម្បត្តិរបស់អ្នកនយោបាយ ឬមន្ត្រីរដ្ឋាភិបាលដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលរបស់លោកហ្គោតាបាយ៉ា។ មុនដំបូង បងប្រុសរបស់លោកលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថាអាចនឹងបន្ធូរបន្ថយកំហឹងរបស់មហាជន។ ប៉ុន្តែពួកគេនៅតែមិនទាន់ស្ងប់ចិត្តនៅឡើយទេ  ព្រោះពួកគេចង់ឲ្យលោកហ្គោតាបាយ៉ាលាលែងពីតំណែងថែមទៀត៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024