ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

គម្រោងកម្ពុជាហាវែស ២ បញ្ចប់ការគាំទ្រដល់វិស័យសាកវប្បកម្មកម្ពុជាដោយជោគជ័យ

១១ ឧសភា ២០២២ | សេដ្ឋកិច្ច

នាឱកាសបិទបញ្ចប់គម្រោងកម្ពុជាហាវែស ២ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គម្រោងហាវែស ២ បានជម្រុញកំណើនវិស័យសាកវប្បកម្មនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើការជាមួយអ្នកទិញ អ្នកផលិត និងតួអង្គទីផ្សារដទៃទៀត ដើម្បីពង្រឹងគុណភាព បង្កើនសមត្ថភាព និងបង្កើនតម្លៃបន្ថែមទៅដល់ ខ្សែច្រវាក់តម្លៃសាកវប្បកម្ម។

 

 

លោកស្រី ណែន ស៊ី ជែ អ៊ីសលីក នាយិកាបេសកកម្មប្រចាំទីភ្នាក់ងារ USAID បានមានប្រសាសន៍ដែរថា គម្រោងកម្ពុជាហាវែស ២ បានធ្វើការជាដៃគូជាមួយ កសិអាជីវកម្ម អ្នកផលិត និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីកែច្នៃផលិតផលកសិកម្មថ្មីចំនួន ១៤០ សម្រាប់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។

 


យ៉ាងណាមិញ ឯកឧត្តម ហ៊ាន វណ្ណហន បានលើកឡើងថា ទីភ្នាក់ងារ USAID ក៏កំពុងតែរៀបចំដំណើរការគម្រោងបន្ទាប់ទៀត ដើម្បីជួយដល់វិស័យកសិកម្មកម្ពុជា ហើយក្រៅពីគម្រោងរបស់ USAID ក៏មានគម្រោងផ្សេងៗជាច្រើនទៀត ដែលជួយគាំទ្រដល់វិស័យកសិកម្មកម្ពុជា។

 


សូមជម្រាបថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គម្រោងកម្ពុជាហាវែស ២ បានជួយវិស័យឯកជនបង្កើនទុនវិនិយោគប្រមាណជា ២៨លានដុល្លារអាមេរិក  បង្កើតការងារជាង ២៥០០កន្លែង និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024