ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ភាពយន្តអន្តរជាតិចំនួនប្រាំ បានជាប់ឈ្មោះដណ្ដើមពានរង្វាន់អូស្កាឆ្នាំ២០២២នេះ ដែល សុទ្ធតែមានសាច់រឿងលេចធ្លោ និងទាក់ទាញមិនចាញ់គ្នាប៉ុន្មានឡើយ។ ជាក់ស្ដែងដូចជាភាពយន្តមកពីប្រទេសជប៉ុនមានចំណងជើងថា "Drive My Car" (ដ្រាយ ម៉ាយ ខា) ជាស្នាដៃរបស់អ្នកដឹកនាំរឿងជប៉ុន Ryusuke Hamaguchi (យូស៊ូកិ ហាម៉ាហ្គូឈី) មានដំណើររឿងអំពីការខូចចិត្តរបស់អ្នកដឹកនាំរឿងម្នាក់ឈ្មោះ Kafuku (កាហ្វូគូ) ដែលត្រូវភរិយាលួចផិតក្បត់ទៅទាក់ទងនឹងតារាសម្ដែងប្រុសម្នាក់ទៀត។
បេក្ខភាពមួយទៀតគឺភាពយន្ត "Flee" (ហ្វ្លី) ជាស្នាដៃរបស់អ្នកផលិតកុនជនជាតិដាណឺម៉ាកឈ្មោះ Jonas Poher Rasmussen (ចូណាស់ ផូហឺ រាស់ម៊ូសេន) ដែលមានសាច់រឿងបង្ហាញអំពីអតីតកាលដ៏ជូរចត់របស់ជនភៀសខ្លួនអាហ្វហ្គានីស្ថានមួយរូប។
បេក្ខភាពបន្ទាប់គឺភាពយន្ត "The Hand of God" (ដឺ ហេន អហ្វ ហ្គត់) ជាស្នាដៃរបស់អ្នកដឹកនាំរឿងអ៊ីតាលីឈ្មោះ Sorrentino (សូរ៉េនទីណូ) ដោយអ្នកដឹកនាំរូបនេះបានលើកយករឿងរ៉ាវសោកនាដកម្មកើតមានលើគ្រួសាររបស់ខ្លួនផ្ទាល់មកបង្ហាញជាសាច់រឿងតែម្ដង។
ភាពយន្តមួយទៀតដែលជាស្នាដៃដំបូងសម្រាប់អ្នកផលិតកុនប៊ូតង់ឈ្មោះ Pawo Choying Dorji (ផាវ៉ូ ឆូយីង ដរជី) មានចំណងជើងថា "Lunana - A Yak in the Classroom" (លូណាណា អឹ យ៉ាក អ៊ិន ដឹ ខ្លាស់រ៊ូម) បានបង្ហាញអំពីតារាចម្រៀងម្នាក់ដែលមានក្ដីស្រមៃចង់បានជីវិតថ្មីមួយនៅប្រទេសអូស្ត្រាលី។
ចំណែកភាពយន្តអន្តរជាតិមួយចុងក្រោយគឺជាស្នាដៃរបស់អ្នកដឹកនាំរឿងសញ្ជាតិន័រវេស Joachim Trier (ចូអាឈីម ត្រាយអឺ) មានចំណងជើងថា "The Worst Person in the World" (ដឺ វ័ស ផើសិន អីន ដឺ វើល)។
ភាពយន្តនេះមានឆ្លុះបញ្ចាំងពីជីវិតរបស់នារីវ័យក្មេងមួយរូបមកពីទីក្រុង Oslo (អូស្លូ) ប្រទេសន័រវេស ដែលព្យាយាមស្វែងរកខ្លួនឯងក្នុងពិភពលោកដ៏ធំល្វឹងល្វើយ។
នៅថ្ងៃទី២៧ ខែមីនាខាងមុខនេះ គេនឹងបានដឹងថាភាពយន្តណាមួយក្នុងចំណោមភាពយន្តទាំងប្រាំនេះដែលអាចដណ្ដើមបានពានរង្វាន់អូស្កាជាភាពយន្តអន្តរជាតិល្អដាច់គេ៕
ប្រែសម្រួល៖ វ៉ាន់ថន