ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥

វិស័យភាពយន្ត ហុងកុង សង្ឃឹមត្រលប់មករុងរឿងម្ដងទៀតតាមរយៈអ្នកជំនាន់ថ្មី

២២ ឧសភា ២០២៥ | កម្សាន្ដ

 

អ្នកជំនាញក្នុងវិស័យភាពយន្តហុងកុងបានបង្ហាញក្ដីសង្ឃឹមថាភាពយន្តហុងកុងនឹងអាចត្រលប់មកសម័យកាលរុងរឿងម្ដងទៀតតាមរយៈការបណ្ដុះអ្នកមានទេពកោសល្យជំនាន់ថ្មី។ឧស្សាហកម្មភាពយន្ដហុងកុងដែលគ្រាមួយធ្លាប់មានឈ្មោះល្បីល្បាញខ្លាំងលើពិភពលោកមានបំណងចង់នាំយកភាពរុងរឿងរបស់ខ្លួនក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៩០ ត្រលប់មកវិញតាមរយៈការវិនិយោគលើអ្នកដឹកនាំជំនាន់ថ្មី។

 

 

នេះបើផ្អែកតាមប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ភាពយន្តក្រុងហុងកុងលោក Wilfred Wong បានប្រាប់សារព័ត៌មានរ៉យទ័រ ខណៈពេលចូលរួមមហោស្រពភាពយន្តទីក្រុងកានកាលពីពេលថ្មីៗ។

 

 

គេនៅចាំបានថា ភាពយន្តហុងកុងបានចាប់ផ្ដើមល្បីផ្ទុះលើឆាកអន្តរជាតិក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ជាមួយខ្សែភាពយន្តបែបក្បាច់គុនរបស់តារាសម្ដែង លី ស៊ាវឡុង ហើយបន្ទាប់ពីមរណភាពរបស់លោក តំណែងនេះក៏ត្រូវបានផ្ទេរឱ្យតារាសម្ដែង ឈិនឡុង ជាអ្នកបន្ត។

 

 

ក្រោយមកឧស្សាហកម្មនេះក៏បានពង្រីកវិសាលភាពរហូតក្លាយជាទីចាប់អារម្មណ៍សម្រាប់ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិនានាតាមរយៈភាពយន្តល្បីៗដូចជា "In the Mood for Love" "Infernal Affairs" និង "Kung Fu Hustle" ដែលនាំឱ្យតារាហុងកុងដូចជា លីវ តឺហួ, Michelle Yeoh និង Maggie Cheung ព្រមទាំងអ្នកដឹកនាំរឿងដូចជា Wong Kar Wai, John Woo និង Johnny To បានបង្ហាញមុខដើរលើកម្រាលព្រំក្រហមអន្តរជាតិជាញឹកញាប់។

 

 

យ៉ាងណាមិញ ប្រជាប្រិយភាពតារាហុងកុងនៅហូលីវូដបានចាប់ផ្តើមធ្លាក់ចុះនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលទីក្រុងអតីតអាណានិគមអង់គ្លេសមួយនេះត្រូវបានប្រគល់ទៅឱ្យប្រទេសចិន ដោយសារតែកត្តាជាច្រើន ដូចជាការផលិតច្រើនជ្រុល វិបត្តិហិរញ្ញវត្ថុអាស៊ី ស្របពេលអ្នកមានទេពកោសល្យជាច្រើនក៏បានចាកចេញទៅហូលីវូដ។

 

 

ក្នុងស្ថានភាពធ្លាក់ចុះបែបនេះ អ្នកវិនិយោគភាគច្រើនមិនមានឆន្ទៈក្នុងការប្រថុយវិនិយោគលើតារាវ័យក្មេងនោះទេ ហើយនឹងយល់ព្រមធ្វើការតែជាមួយតារា និងអ្នកដឹកនាំរឿងល្បីៗប៉ុណ្ណោះ។ប៉ុន្តែបច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍ភាពយន្តហុងកុងកំពុងស្វែងរកដំណោះស្រាយបញ្ហានេះ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកដឹកនាំរឿងថ្មីៗ។

 

 

លោក Wong បាននិយាយថា៖ "ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមប្រឹក្សាបានជ្រើសរើសអ្នកដឹកនាំថ្មីមិនតិចជាង ៣២ នាក់នោះទេដែលមិនធ្លាប់ធ្វើរឿងពីមុនមក"។ តាមរយៈការផ្លាស់ប្តូរនេះ លោកសង្ឃឹមថានឹងធ្វើឱ្យភាពយន្តហុងកុងបន្តស្ថិតនៅជួរមុខក្នុងវិស័យភាពយន្ត។មួយក្នុងចំណោមអ្នកមានទេពកោសល្យជំនាន់ថ្មីនោះ គឺអ្នកដឹកនាំរឿង និងជាតារាសម្តែង Juno Mak ដែលបាននិពន្ធ និងដឹកនាំរឿង "Sons of the Neon Nights"។

 

 

ចូលរួមសម្តែងដោយតារាជើងចាស់ Tony Leung Ka-fai និង Lious Koo ភាពយន្តនេះត្រូវបានយកមកបញ្ចាំងនៅមហោស្រពទីក្រុងកានក្នុងឆ្នាំ២០២៥។តារាសម្តែងវ័យ ៦៧ ឆ្នាំ Tony Leung Ka-fai បានប្រាប់សារព័ត៌មានរ៉យទ័រថាឧស្សាហកម្មភាពយន្តហុងកុងកំពុងត្រូវការអ្នកជំនាន់ថ្មី ទាំងអ្នកដឹកនាំ តារាសម្តែង អ្នកនិពន្ធ និងគ្រប់ផ្នែកទាំងអស់ ដើម្បីឱ្យក្តីសុបិននេះក្លាយជាការពិត ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025