ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីក្រើនរំឭកអ្នកធ្វើការលើវិស័យពិការភាព កុំទម្លាក់ដៃចំពោះជំងឺកូវីដ-១៩

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ

ដូចដែលបានដឹងគ្រប់គ្នាហើយថា ទោះបីជាកម្ពុជា ជោគជ័យមួយដំណាក់កាល នៃការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ក្តី ក៏កម្ពុជា មិនទាន់មានសុវត្ថិភាពទេ ប៉ុន្តែត្រូវបានមើលឃើញ ជាទូទៅ ដោយរួមទាំងអ្នកធ្វើការលើវិស័យពិការភាពផង បានធ្វេសប្រហែស។ ហេតុនេះ មន្ត្រីធ្វើការវិស័យពិការភាព បានក្រើនរំឭកដល់អ្នកពាក់ព័ន្ធទាំងអស់ មេត្តា ពង្រឹងស្មារតីប្រុងប្រយ័ត្នឡើងវិញ ព្រោះថា ប្រសិនបើជនពិការឆ្លងជំងឺកូវដី ១៩ នោះពួកគេ នឹងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមនុស្សដទៃ។

 


គ្រប់ក្រសួងស្ថាប័នជាតិ អន្តរជាតិទាំងអស់ ជាពិសេសអ្នកគ្រប់គ្រងមណ្ឌល ក៏ដូចជាគ្រួសារ និង បុគ្គល ដែលធ្វើការលើវិស័យពិការភាពនៅទូទាំងប្រទេស មេត្តាកុំទម្លាក់ ឬ បន្ធូរបន្ថយដៃឱ្យទាល់តែសោះចំពោះជំងឺកូវដី ១៩ ពោលគឺត្រូវបន្តការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារពីជំងឺកូវីដ ១៩ ព្រោះជនមានពិការភាព គឺជាជនងាយរងគ្រោះស្រាប់ទៅហើយ ប្រសិនបើពួកគេឆ្លងជំងឺកូវីដ ១៩ ទៀតនោះ ពួកគេងាយនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ នេះគឺជាការក្រើនរំឭករបស់លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ច ។

 


សាធារណជនប្រហែលជាមិនទាន់ភ្លេចទេថា ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ចំនួន ១២២ ដំបូងនោះ គឺមានអ្នកជំងឺម្នាក់ដែលត្រូវចំណាយពេលយូរជាងគេ ក្នុងការព្យាបាល ហើយម្នាក់នោះគឺជាស្ត្រីដែលមានបញ្ហាផ្លូវចិត្ត ពោលគឺគាត់ជាជនពិការផ្នែកសតិស្មារតី ហើយនោះចាត់ទុកថាជាសំណាងល្អបំផុតមួយ ដែលទីបំផុតក្រុមគ្រូពេទ្យអាចព្យាបាលទាល់តែជាដោយជោគជ័យ ។ ករណីនោះ ត្រូវបានលោក យៀប ម៉ាលីណូ ក្រើនរំឭកឱ្យអ្នកពាក់ព័ន្ធទាំងឡាយ យកជាមេរៀន ។

 


សូមជម្រាបថា ជាផ្នែកមួយ នៃ ការក្រើនរំឭកដល់អ្នកពាក់ព័ន្ធឱ្យបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ១៩ នេះ កាលពីអំឡុងសប្តាហ៍មុន មន្ត្រីក្រសួងសង្គមកិច្ច ដែលក្នុងនោះក៏មានលោក យៀប ម៉ាលណូ ផង បានចុះជួបពិនិត្យតាមដាន និង នាំយកឧបករណ៍ប្រើប្រាស់មួយចំនួន ដូជា ទឹកអាល់កុល ជែល ម៉ាស់ និង Foster អប់រំ ជាដើម ទៅចែកជូនដល់ទីតាំងនានានៅក្នុងខេត្តចំនួន ៩ ជាពិសេសនៅជុំវិញបឹងទន្លេសាប ដែលជាមណ្ឌលប្រមូលផ្តុំសំខាន់ នៃ ជនមានពិការភាព ៕


អត្ថបទ៖ ខឿន សាឃាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024