ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជំនាញថា ទោះជាម្តាយបានឆ្លងកូវីដ-១៩ ក៏នៅតែត្រូវបន្តបំបៅដោះកូនដែរ

០៨ កញ្ញា ២០២១ | ព័ត៌មានជាតិ

មន្ត្រីជំនាញ បានអះអាងថា បើទោះជាស្ត្រីជាម្តាយបានឆ្លងជំងឺកូវីដ-១៩ ហើយក្តី ក៏មិនគួរឈប់បំបៅដោះដល់កូនដែរ ពោលគឺនៅតែបំបៅដោះដល់កូនបានដូចប្រក្រតី ព្រោះជំងឺកូវីដ-១៩ មិនឆ្លងពីម្តាយទៅកូន តាមរយៈទឹកដោះម្តាយទេ ហើយថែមទាំងជួយឱ្យរាងកាយកូនមានភាពរឹងមាំទៀតផង។ ប៉ុន្តែកត្តាសំខាន់ ត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវពេលបំបៅដោះកូន។

 


នៅអំឡុងពេលសង្គមកម្ពុជា រងការញាំញីដោយជំងឺកូវីដ-១៩ នេះ គេពុំមានតួលេខច្បាស់លាស់នៃការបំបៅដោះកូនដោយទឹកដោះម្តាយថា មានការកើនឡើង ឬថយចុះយ៉ាងណាទេ ព្រោះកម្មវិធីការងារខ្លះ ត្រូវបានកាត់ផ្តាច់ ជាកង់ ជាដុំ។ 


ទោះយ៉ាងណា សូមម្តាយទាំងឡាយ បន្តបំបៅដោះកូនដោយទឹកដោះជាទៀងទាត់ ជាពិសេសសូមចងចាំថា បើទោះបីជាម្តាយត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ ហើយក្តី ក៏មិនគប្បីបញ្ឈប់ការបំបៅដោះដល់កូនដែរ ពោលគឺម្តាយគប្បី នៅតែបន្តបំបៅដោះកូនដូចប្រក្រតី ព្រោះជំងឺកូវីដ-១៩ មិនឆ្លងពីម្តាយទៅកូន តាមរយៈទឹកដោះម្តាយទេ ទឹកដោះម្តាយថែមទាំងផ្ទុកទៅដោយអង្គបដិបក្ខ ដែលអាចជួយការពារកូនពីជំងឺឆ្លង និងជំងឺនានា មួយចំនួនទៀតផង។ 


កត្តាសំខាន់ដែលម្តាយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នោះ គឺត្រូវស្អាតខ្លួនប្រាណ សម្លៀកបំពាក់ និង ពាក់ម៉ាសការពារ ឱ្យបានត្រឹមត្រូវ មុនពេលបំបៅដោះដល់កូន ធ្វើយ៉ាងណាឱ្យប្រាកដថា ខ្យល់ដកដង្ហើមរបស់ម្តាយ ក៏ដូចជាទឹកមាត់របស់ម្តាយ មិនបានខ្ទាតហោះហើរទៅលើកូនឡើយ ។ លុះពេលបំបៅដោះដល់កូនរួច ក៏ត្រូវឱ្យមានអ្នកសម្អាតអនាម័យដល់កូនឱ្យបានត្រឹមត្រូវដែរ ។ នេះគឺជាការពន្យល់របស់លោកស្រី ស្វាយ សារី អ្នកសម្របសម្រួលកម្មវិធីជាតិ ស្តីពីការអនុវត្តមន្ទីរពេទ្យស្រឡាញ់ទារក នៃ មជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក ប្រាប់ PNN តាមទូរស័ព្ទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

 


ភ័ស្តុតាង នៃ ការពិសោធន៍វិទ្យាសាស្ត្របានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមៗ បន្ទាប់ពីទារកសម្រាលរួច អាចទប់ស្កាត់មរណភាពរបស់ទារកបានប្រមាណជា ២០ ភាគរយ ។ កុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុងរយៈពេល ៦ ខែ ដំបូង អាចកាត់បន្ថយជំងឺរាគរូសបាន ១១ ដង កាត់បន្ថយជំងឺរលាកសួត បាន ១៥ ដង និង មានអត្រាស្លាប់ទាបជាង ១៤ ដង បើធៀបទៅនឹងកុមារដែលមិនទទួលបានការបំបៅដោយទឹកដោះម្តាយ ។ 


បើនិយាយអំពីកម្មវិធី IQ ដែលជារង្វាស់បញ្ញា ឬ ភាពឆ្លាតវៃវិញ ត្រូវបានរកឃើញថា កុមារដែលមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាង កុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ ។ ហេតុនេះ វាធ្វើឱ្យភាពវៃឆ្លាតរបស់កុមារថយចុះ ២,៦ ពិន្ទុ បើប្រៀបធៀបទៅនឹងកុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ ។

 


ចំណែកក្រសួងសុខាភិបាល បានអះអាងអំពីការរកឃើញរបស់ខ្លួនថា ការបំបៅកូនដោយផលិតផលជំនួស រួមទាំងម្សៅទឹកដោះគោផ្សំតាមរូបមន្តត្រឹមត្រូវផង អាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជាធ្វើឱ្យកុមារមានជំងឺរាគ ជំងឺសួត ជំងឺហឺត ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង បណ្តាលឱ្យកុមារមានបញ្ហាលើសទម្ងន់ និង ធាត់ជ្រុលជាដើម ចំណែកភាពវៃឆ្លាតក៏ចុះខ្សោយដែរ ។ ដូច្នេះម្តាយគ្រប់រូប គួរជ្រើសរើសការបំបៅកូនដោយទឹកដោះតែមួយមុខគត់ ក្នុងរយៈពេល ៦ ខែ ដំបូង នៃ ជីវិតរបស់ទារក ។ ទឹកដោះគោទោះផ្សំតាមរូបមន្តត្រឹមត្រូវយ៉ាងណា ក៏មិនអាចជំនួសទឹកដោះម្តាយបានដែរ ។


ការបំបៅកូនដោយទឹកដោះតែមួយមុខគត់ ក្នុងរយៈពេល ៦ ខែ ដំបូង នៃ ជីវិតរបស់ទារក មានសារសំខាន់ក្នុងការធានាឱ្យទារកទើបតែកើត និង កុមារតូចមានសុខភាពល្អ ។ ទឹកដោះម្តាយជួយដល់ប្រព័ន្ធការពាររាងកាយរបស់ទារក អភិឌ្ឍផ្នែកចលនា និង សតិបញ្ញា កាត់បន្ថយជំងឺឆ្លង បង្កើនចំណងចិត្ត ឬ ភាពស្រឡាញ់ស្និទ្ធស្នាលជាមួយម្តាយ និង កាត់បន្ថយបានភាពលើសទម្ងន់ជាដើម ។ 

 


ក្នុងន័យនេះ ទាំងក្រសួងសុខាភិបាល ក៏ដូចជាលោកស្រី ស្វាយ សារី បានក្រើនរំឭកឡើងវិញថា ក្នុងរយៈពេល ៦ខែដំបូង នៃជីវិតទារក គួរបំបៅតែដោយទឹកដោះម្តាយមួយមុខគត់ មិនត្រូវផ្តល់សារធាតុរាវផ្សេងៗ ឬ អាហារឡើយ។ លុះដល់ទារកមានអាយុចាប់ពី ៦ខែ ទៅ ១២ខែ ទើបគួរផ្តល់អាហារូបត្ថម្ភ ឬអាហារបំប៉នបន្ថែម ដែលមានជីវជាតិគ្រប់គ្រាន់ និងត្រឹមត្រូវ៕


អត្ថបទ៖ ខឿន សាឃាង   រូបភាព៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024