ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យពេទ្យឯកជន មានសិទ្ធិផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះ

៣១ សីហា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃទី៣០ ខែសីហានេះ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ ដោយគោរពតាមលក្ខខណ្ឌចាំបាច់មួយចំនួន។

 


ក្នុងលិខិត ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជម្រាបជូនដំណឹងដល់ម្ចាស់សេវាសុខាភិបាលឯកជន ដែលជាមន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាល ពីការអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរពតាមលក្ខខណ្ឌចាំបាច់ ដូចខាងក្រោម៖


១-មូលដ្ឋានសុខាភិពបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល រួមមាន មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាល


២-ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានចាត់ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យទាំងនេះ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ បន្ទាប់ពីបានថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩។

 


៣-ត្រូវត្រៀមទុកជាមុនក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានាឲ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវពីផ្ទះ ទៅសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតឲ្យផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ឬសេវាសាធារណៈ ដែលមានព្យាបាលជំងឺកូវីដ១៩។


៤-ការផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ ឬមេឃុំ និងមន្ត្រីសុខាភិបាល នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ។


៥-ម្ចាស់សេវាសុខាភិបាលឯកជន ត្រូវដាក់លិខិតស្នើសុំអនុញ្ញាត មកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល។

 


សូមរម្លឹកថា កន្លងមក សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ ត្រូវធ្វើឡើងដោយគ្រូពេទ្យរដ្ឋ ជាអ្នកធានារ៉ាប់រង ហើយអនុវត្តមុនគេនៅរាជធានីភ្នំពេញ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១។ មកដល់ពេលនេះ សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ ត្រូវបានពង្រីកនៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស។ ក្នុងនោះ មន្ទីរពេទ្យឯកជន ក៏ត្រូវបានអនុញ្ញាតឲ្យទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ផងដែរ៕


អត្ថបទ៖ លី ម៉េងហួរ រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024