ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បិទខ្ទប់ផ្លូវមួយខ្សែក្នុងសង្កាត់ក្បាលកោះ ដើម្បីទប់ស្កាត់ដែលតា ខណៈច្រកផ្លូវ៣ខ្សែ ក្នុងសង្កាត់បឹងសាឡាង បន្តបិទ ៧ថ្ងៃទៀត

១៧ សីហា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់កំណាត់ផ្លូវបេតុងទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រយៈពេល ១៤ថ្ងៃ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បន្តបិទខ្ទប់មិនឱ្យមានការចេញ-ចូលនូវច្រកផ្លូវចំនួន៣ខ្សែ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទូលគោក រយៈពេលបន្ថែម ៧ថ្ងៃទៀតផងដែរ។

 


ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ចប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កំណាត់ផ្លូវបេតុងទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចាំបាច់មួយចំនួន រួមមាន ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទន់ ការផ្ដល់វត្ថុសំណាកធ្វើតេស្ដរកជំងឺកូវីដ-១៩ ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និង អ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ការជួបជុំរបស់បុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ និងបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់។

 


រដ្ឋបាលរាជធានីភ្នំពេញ ក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ចំពោះបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមផងដែរ។

 

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា នៅថ្ងៃទី១៦ សីហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចបន្តបិទខ្ទប់មិនឱ្យមានការចេញ-ចូលនូវច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទូលគោក រយៈពេលបន្ថែម ៧ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែសីហាផងដែរ។

 


គួររម្លឹកថា មកទល់ពេលនេះ មានផ្លូវនិងផ្សារក្នុងខណ្ឌចំនួន៥ហើយ នៅរាជធានីភ្នំពេញ ដែលបានបិទខ្ទប់ទីតាំង ដោយសារពាក់ព័ន្ធនឹងការឆ្លងរាលដាល មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា នៅក្នុងសហគមន៍។ ខណ្ឌចំនួន៥នោះ រួមមាននៅ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ៕


អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024