ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វិមានពិភពថ្មីសែនសុខ ក្លាយជាកន្លែងព្យាបាលកូវីដ-១៩ បំប្លែងថ្មី ខណៈសាលារៀន ២ ជាមណ្ឌលចត្តាឡីស័ក

២៥ សីហា ២០២១ | ព័ត៌មានជាតិ

រាជធានីភ្នំពេញ បានប្រែក្លាយវិមានពិភពថ្មីសែនសុខ មកជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទដែលតា ដែលមកទល់ពេលនេះ ទទួលអ្នកជំងឺជិត ៤០០នាក់ហើយ។ ក្រៅពីនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានបង្កើតមណ្ឌលចត្តាឡីស័ក ចំនួន ២ សម្រាប់ពលករ មកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលមានលទ្ធភាព ទទួលអ្នកធ្វើចត្តាឡីស័ កចំនួន ៥៥០ នាក់។

 


ក្រោយពីមានចំនួនកើនឡើងនៃអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា អាជ្ញាធររាជធានីភ្នំពេញ បានប្រែក្លាយវិមានពិភពថ្មីសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ មកជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី នេះ។ 


លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា ប្រមាណជិត ៤០០នាក់ហើយ កំពុងដាក់អោយសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលវិមានពិភពថ្មីសែនសុខនេះ។

 


ក្រៅពីបង្កើតមណ្ឌលសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩បំប្លែងថ្មី អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង លើកឡើងថា អាជ្ញាធរក៏បានយកសាលារៀនចំនួន ២កន្លែងទៀត ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលមានលទ្ធភាពទទួលអ្នកចត្តាឡីស័កចំនួន ៥៥០នាក់។ សាលារៀនចំនួន ២កន្លែងនោះ រួមមាន អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ និងវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា។

 


គួររម្លឹកថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា រដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអង្គភាពពាក់ព័ន្ធ ដោយប្រតិបត្តិការស្រាវជ្រាវ ស្របតាមអភិក្រម គឺរកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងកាត់ផ្ដាច់ខ្សែរយៈនៃការឆ្លងរាលដាលបានទាន់ពេលវេលា។

 


គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា រហូតមកដល់ថ្ងៃទី២១ ខែសីហា កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ដែលបំប្លែងថ្មី ប្រភេទដែលតា សរុបប្រមាណ ៩៩៩នាក់ ដែលបានប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ២៣ លើកលែងតែ ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញនៅឡើយ៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024