ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កំលាំងនគរបាល និងស៊ីម៉ាក់ ណែនាំ និងបញ្ឈប់អ្នកភូមិស៊ីឈ្នួលដោះមីន ព្រោះអាចបង្កគ្រោះថ្នាក់ដល់ម្ចាស់ដី និងអ្នកដោះ

០២ មិថុនា ២០២០ | ព័ត៌មានជាតិ

ទំព័រហ្វេសប៊ុកផ្លូវការ របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា អ្នកភូមិខ្លះបានដោះមីនដោយខ្លួនឯង និងពេលខ្លះជួលអ្នកភូមិដទៃ ដែលជាអតីតកងកំលាំងប្រដាប់អាវុធធ្វើការបោសសំអាតមីនមកដោះមីនដោយខ្លួនឯងទៀតផង។

 
ទង្វើនេះត្រូវបានចាត់ទុកគ្រោះថ្នាក់ខ្លាំង ដ្បិតទី១ ពួកគាត់ខ្វះសំភារៈបច្ចេកទេស និងជំនាញត្រឹមត្រូវ ទី ២ ខ្វះនីតិវិធីគ្រប់គ្រងត្រួតពិនិត្យប្រកបដោយសុវត្ថិភាព ហើយទី៣ ខុសច្បាប់តែម្តង ព្រោះពេលដោះបានហើយ តើត្រូវយកគ្រាប់មីន និងជាតិផ្ទុះទាំងនោះ ទៅរក្សាទុកនៅឯណា ។

 


សំខាន់ជាងនេះទៅទៀត ការដោះមីនបែបនេះ អាចបង្កគ្រោះថ្នាក់ដល់អ្នកដោះ និងអ្នកប្រើប្រាស់ដីផងដែរ ព្រោះថាក្រោយជួលដោះមីនបែបនេះរួច ពួកគាត់យល់ថា ដីនោះមានសុវត្ថិភាពហើយ តែធាតុពិតមិនដូចនេះទេ ព្រោះកង្វះសំភារៈបច្ចេកទេស និងជំនាញ ពុំអាចប្រាកដ ១០០ភាគរយថា ដីនោះអស់គ្រាប់មីនឡើយ។

 


ស៊ីម៉ាក់ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានដីធ្លីក្នុងតំបន់មានគ្រាប់មីន សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំបោសសំអាតមីនដោយឥតគិតថ្លៃ ចៀសវាងដាច់ខាតក្នុងការប្រថុយប្រថានបោសសំអាតគ្រាប់មីនដោយខ្លួនឯង ឬជួលអ្នកដោះមីន ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវមកដោះមីន។ ជារឿយៗ គេសង្កេតឃើញមានករណីផ្ទុះគ្រាន់មីន នៅពេលដែលកសិករភ្ជួរដីធ្វើស្រែ ឬធ្វើចំការ ក៏ព្រោះពុំបានឆ្លងកាត់ការសម្អាតផ្ទៃដី ដោយមន្ត្រីជំនាញពិតប្រាកដ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024