ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

គ្រាប់មីនផ្ទុះផ្ដាច់ជើងបុរសវ័យ ៦៤ឆ្នាំម្នាក់ទាំងសង្ខាង ក្នុងព្រៃក្បែរព្រំដែនកម្ពុជា-ថៃ

២៤ មិថុនា ២០២០ | ព័ត៌មានជាតិ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីផ្ទុះគ្រាប់មីនបង្កគ្រោះថ្នាក់ដាច់ជើងទាំង២ លើបុរសវ័យ ៦៤ឆ្នាំម្នាក់ ដែលបានដើរក្នុងព្រៃក្បែរព្រំដែនកម្ពុជា-ថៃនោះ។

 


ក្រោយទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចព្រំដែនដែលឈរជើងនៅទីនោះ បានបង្ហាញភាពក្លាហានប្រថុយគ្រោះថ្នាក់ចូលទៅជួយសង្គ្រោះអ្នករងគ្រោះ ក្រោមមេឃភ្លៀងបោកបក់យ៉ាងខ្លាំង។

 


អាជ្ញាធរមីន តែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ ព្រោះវាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
 

 

គួររំឭកដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នូវែលសេឡង់ បានសម្រេចផ្តល់ថវិកាជាជំនួយឥតសំណងប្រមាណ ៣,៨ លានដុល្លារអាមេរិក ក្នុងការចូលរួមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា រយៈពេល ៦ឆ្នាំ តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤៕ 

រូបភាព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024