ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

ពិធីស្រង់នាវាចម្បាំងលិចក្នុងទន្លេ នៅខេត្តកំពង់ចាម គ្រោងធ្វើឡើង នៅថ្ងៃទី៧មេសា ក្រោមការពិនិត្យផ្ទាល់ពីរដ្ឋមន្រ្តីមហាផ្ទៃ

២៥ មីនា ២០២១ | ព័ត៌មានជាតិ

នាវាចម្បាំងដែលលិចនៅខេត្តកំពង់ចាមកាលពីអំឡុងដើមឆ្នាំ១៩៧០ គ្រោងនឹងធ្វើពិធីស្រង់ឡើងមកលើគោកនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារ និងជាប្រធានក្រុមការងារអន្តរក្រសួងដែលបានផ្ញើជូនសម្ដេចក្រឡាហោម ស ខេង។ សម្ដេចក្រឡាហោមនឹងអញ្ជើញជាអធិបតីពិនិត្យការស្រង់នាវានេះដោយផ្ទាល់។

 


គម្រោងប្រារព្ធពិធីស្រង់នាវាចម្បាំងលិចក្នុងទន្លេ ស្ថិតក្នុងភូមិសាស្រ្ត ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាថ្ងៃទី៧ ខែមេសាខាងមុខនេះ បានកំណត់ឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងបានស្រង់នូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្ភារៈសឹក និងឆ្ពឹងសពមនុស្សបានជាបន្តបន្ទាប់ក្នុងកិច្ចប្រតិបត្តិការរយៈពេលប្រមាណ៥ខែមក។

 


យោងតាមរបាយការណ៍នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារប្រតិបត្តិការផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែល PNN ទទួលបាន ក្នុងរយៈពេល ៥ខែមកនេះ ក្រុមការងារស្រង់បានគ្រាប់កាំភ្លៀងយន្ ត១២,៧មម ជិត២ម៉ឺនគ្រាប់, គ្រាប់ត្បាល់៦០មម៦៥១គ្រាប់, គ្រាប់ត្បាល់៨០មម១០៥គ្រាប់, គ្រាប់ផ្លោង១០៥មម១០គ្រាប់ និងទទួលបានពីប្រជាពលរដ្ឋ និងអាជ្ញាធរ១៥៣គ្រាប់ សរុបទំងន់ជាង១០តោន។ ក្រុមការងារក៏ស្រង់បានបំណែងឆ្អឹងសព និងសម្ផារៈសឹកមួយចំនួនទៀតដែរ។

 


ជាមួយគ្នានេះរបាយការណ៍ក៏បានឱ្យដឹងដែរថារហូតដល់ពេលនេះ កងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានសម្រេចស្រង់យកគ្រាប់ និងវត្ថុរារាំងផ្សេងៗទៀតចេញពីនាវាចម្បាំងដែលលិចនោះបានប្រមាណ៩៥ភាគរយហើយ។ ដោយឡែកនៅមានវត្តមានគ្រាប់មួយចំនួនទៀតនៅតំបន់ជុំវិញនាវានឹងត្រូវបន្តស្រង់ជាបន្តទៀត ដែលតាមគម្រោងកិច្ចប្រតិបត្តិការនេះនឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងសប្ដាហ៍ទី៣នៃខែមីនានេះ។

 


ជុំវិញកិច្ចដំណើរការឈានទៅស្រង់នាវាលិចឡើងមកលើគោកនេះ របាយការណ៍បានឱ្យដឹងថាក្រុមប្រតិបត្តិការបានបានមុជចង់នាវាសម្រាប់ស្ទូចឡើងរួចរាល់ហើយកាលពីថ្ងៃទី២០ខែមីនា ហើយគ្រងនឹងចល័តឧបករណ៍ស្ទូចចំណុះ៣០០តោនទៅកាន់ទីតាំងនោះនៅថ្ងៃទី៣០ខែមីនា មុននឹងបន្តចងខ្សែជាមួយឧបករណ៍ស្ទូចឱ្យបានរួចរាល់នៅថ្ងៃទី៣ខែមេសា។ នៅថ្ងៃទី៤ខែមេសា ពោលគឺ៣ថ្ងៃមុនពេលគ្រោងប្រារព្ធពិធីស្រង់ជាផ្លូវការ ក្រុមការងាងរនឹងស្ទូចសាកល្បងនៅថ្ងៃទី៤ខែមេសាដោយមានជំនួយពីក្រុមការងារកំពង់ផែស្វ័យត្នភ្នំពេញ។

 


សូមបញ្ជាក់បច្ចុប្បន្ន ក្រុមការងារអន្តរក្រសួងបានបន្តពង្រីកវិសាលភាពស្រង់គ្រាប់យុទ្ធភណ្ឌចេញពីនាវាចម្បាំងលិចទឹកនៅភូមិសាស្រ្តថ្មីមួយទៀត ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯមខេត្តកណ្ដាល។ ប្រតិបត្តិការនេះបានចាប់ផ្ដើមបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១៥ ខែមីនាក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នាង ផាត។ ប្រតិបត្តិការនៅឃុំបឹងគ្រំ មានទំហំលើផ្ទៃទឹក៦ហិកតា៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024