ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ជំនន់ទឹកភ្លៀង ថមថយនៅបាត់ដំបង តែគំរាមកំហែងនៅរតនគិរី ខណៈទឹកទន្លេមេគង្គ បន្តហក់ឡើង

១៩ តុលា ២០២១ | ព័ត៌មានជាតិ

គិតត្រឹមថ្ងៃម្សិញមិញនេះ ស្ថានភាពជំនន់ទឹកភ្លៀង នៅស្ទឹងសង្កែខេត្តបាត់ដំបង បានថមថយឥទ្ធិពលទៅវិញហើយ។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង។ យ៉ាងណាក៏ដោយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យទឹកទន្លេស្រែពក ក្នុងខេត្តរតនគិរី ហក់ឡើង រហូតលើកម្រិតប្រកាសអាសន្ន។ ទន្លេមេគង្គឯណោះវិញ ទឹកនៅតែបន្តហក់ឡើង។

 

 

ជំនន់ទឹកភ្លៀងដែលធ្វើឱ្យទឹកស្ទឹងសង្កែឡើងខ្ពស់រហូតលិចលង់តំបន់មួយចំនួនក្នុងក្រុងបាត់ដំបង បានថមថយឥទ្ធិពលទៅវិញហើយ។ ស្ថានភាពទឹកស្ទឹងសង្កែបានស្រុកចុះមកនៅត្រឹមកម្រិតធម្មតាវិញតាំងតែពីយប់ថ្ងៃទី១៧ ខែតុលាម្សិលមិញមកម្លេះ។ នេះបើតាមការបង្ហោះឱ្យដឹងដោយរដ្ឋបាលខេត្តបាត់ដំបងលើបណ្ដាញសង្គមហ្វេសប៊ុក។

 

 

យ៉ាងណាក៏ដោយ សម្រាប់ក្រុងបាត់ដំបង បើទោះបីជាទឹកស្ទឹងសង្កែបានស្រកចុះក៏ពិតមែន ប៉ុន្តែទឹកដែលឡើងជនលិចតំបន់មួយចំនួននាប៉ុន្មានថ្ងៃមកនោះ មានសភាពស្រុកចុះយឺតជាងទឹកស្ទឹង ដោយសារតែប្រព័ន្ធលូរំដោះទឹកមានសភាពតូច និងលាយឡំដោយដី និងសំរាម។ អភិបាលខេត្តបាត់ដំបង ឯកត្តម សុខ លូ ដែលទើបចូលកាន់តំណែងកាលពីសប្ដាហ៍មុននោះបានប្រកាសថានឹងដោះស្រាយបញ្ហានេះមិនឱ្យមានសម្រាប់ឆ្នាំក្រោយទៀតនោះឡើយ។

ងាកទៅមើលរតនគិរីឯណោះវិញ ទឹកទន្លេស្រែពកដែលបានហក់ឡើងនាប៉ុន្មានថ្ងៃមកហើយនោះ ឥលូវនេះបានជនឡើងលើសកម្រិតប្រកាសអាសន្នហើយ។ បើតាមលោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ជំនន់នេះលើសកម្រិតប្រកាសអាសន្នននេះរួមទាំងទន្លេសេសាន្តផងដែរ ហើយទឹកបានជនលិចតំបន់មួយចំនួនតាមដងទន្លេក្នុងភូមិសាស្ត្រស្រុកកូនមុំ ស្រុកលំផាត់ ស្រុកតាវែង ស្រុកវ៉ៃនសៃ និងស្រុកអណ្ដូងមាសា។

 

 


ខណៈទឹកនៅតែបន្តហក់ឡើង លោកប្រធានមន្ទីរក៏បានឱ្យដឹងដែរថានៅព្រឹកមិញនេះ នៅទន្លេស្រែពក ទឹកមានកម្ពស់១៣ម៉ែត្រលើសកម្រិតប្រកាសអាសន្ន២កន្លះម៉ែត្រ ខណៈទន្លេសេសាន្តវិញ ទឹកមានកម្ពស់លើសកម្រិតប្រកាសអាសន្ន៨ម៉ែត្រកន្លះហើយ។ បើតាមលោកប្រធាន ប្រសិនបើជំនន់នេះឆាប់ស្រកទៅវិញមិនជាបញ្ហាទេ ប៉ុន្តែបើជនលិច​លើស១សប្ដាហ៍ ប្រកាដជាខូចខាតដំណាំកសិករមិនខានឡើយ ពបិសេសគឺស្រូវ។


ជុំវិញស្ថានភាពជំនន់ទឹកនៅខេត្តរតនគិរីនេះដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីកាលពីម្សិលមិញនេះ ក៏បានចុះពិនិត្យដល់ទីតាំងដែលរងការជន់លិច ដោយបានផ្ដល់ជំនួយសង្រោះដល់ពលរដ្ឋ និងដឹកនាំអាជ្ញាធរត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ការជួយដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះដោយទឹកជំនន់អាចនិយាយបានថាជាវិញ្ញាសារដំបូងសម្រាប់អភិបាលខេត្តថ្មីថ្មោងរូបនេះ។

 

 

ចំពោះស្ថានភាពទឹកទន្លេមេគង្គវិញ បើទោះបីជាចូលដល់ពាក់កណ្ដាលខែវិច្ឆិការក៏ដោយ ក៏ស្ថានភាពទឹកនៅតែបន្តហក់ឡើងជាបន្តបន្តាប់ដែរ។ បើតាមព្រឹត្តិបត្តិព័ត៌មាន និងការព្យាករណ៍កម្ពស់ទឹកជំនន់ចេញោផ្សាយដោយក្រសួងធនធានទឹក និងឧតនិយមនៅថ្ងៃទី១៨តុលានេះ គ្រប់ស្ថាននីយ៍ជលសាស្រ្ត ទឹកបានហក់ឡើង ប៉ុន្តែស្ថិតនៅកម្រិតមួយមិនទាន់មានហានិភ័យនៅឡើយទេ។


សូមបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រោយឆ្នាំ២០១១មក ស្ថានភាពជំនន់ទឹកជំនន់ទន្លេមេគង្គមិនបានគំរាមកំហែងជីវភាពរស់នៅរបស់ពលរដ្ឋតាមដងទន្លេនោះទេ ពោលគឺមានតែឆ្នាំខ្លះទឹកមានសភាពទាបខុសពីធម្មតា និងបង្កការលំបាកសម្រាប់ពលរដ្ឋដែលត្រូវការឱ្យដីលិចទឹកដើម្បីបង្កបង្កើនផលពេលទឹកស្រកទៅវិញ។ យ៉ាងណាក៏ដោយ ទឹកជំនន់ទឹកភ្លៀងបានកើតមានច្រើនទៅវិញ ពិសេសខេត្តជាប់ព្រំដែនកម្ពុជាថៃដែលមានភាពធ្ងន់ធ្ងរកាលពីឆ្នាំ២០២០កន្លងទៅ៕

 

 

 

អត្ថបទ៖ រ៉េន រតនៈ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024