ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងធម្មការ និងសាសនា ប្រកាសថា បុណ្យកឋិនទាន ឆ្នាំនេះ ហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ និងដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ

១៥ តុលា ២០២១ | ព័ត៌មានជាតិ

 


បុណ្យកឋិនទាន នៅឆ្នាំនេះ ត្រូវបានក្រសួងធម្មការ និងសាសនា ប្រកាសហាមឃាត់ មិនឲ្យផ្សព្វផ្សាយកម្មវិធីបុណ្យ និងដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ឡើយ។ វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។


សេចក្តីណែនាំបន្ថែម លើកឡើងថា បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លាក្នុងព្រះពុទ្ធសាសនា មាន ផលានិសង្សខ្ពស់ ទាំងទាយក ទាយិកា និងបដិគ្គាហក (ប៉ាក់ ដិ គា ហាក់ កាក់) ជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើង រៀងរាល់ឆ្នាំ មានរយ:ពេលកំណត់តែ ២៩ថ្ងៃ ដោយវត្តនីមួយៗ ទទួលអង្គកឋិនបានតែមួយលើកប៉ុណ្ណោះ។


ក្រសួងធម្មការ និងសាសនា បន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១រោច ខែអស្សុជ ដល់ថ្ងៃសុក្រ ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ 

 


សេចក្តីណែនាំនេះ ត្រូវបានក្រសួងធម្មការ និងសាសនា ធ្វើឡើង ដើម្បីរៀបចំបុណ្យកឋិនទានឱ្យដំណើរការ នឹងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី តាមសភាពជាក់ស្តែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្តាច់ និងក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស និងយោងលើភាពចាំបាច់ ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ។

 


ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការ និងសាសនា រាជធានីខេត្ត ២ចំណុច គឺទី១-ត្រូវយកចិត្តទុកដាក់បង្កលក្ខណ:ឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទី២- ហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេនត្រៃចីវរ ជាកិច្ចសម្រេចបុណ្យ៕


 

អត្ថបទ៖ លី ម៉េងហួរ    រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024